សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ភ្នំពេញ៖ តាមរយ:បណ្តាញសង្គមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។

សម្តេចធិបតីបានសរសេរថា ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។

មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។

គួររម្លឹកឱ្យដឹងថា ក្រសួងការពារជាតិបានឱ្យដឹងថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។ ក្រសួងការពារជាតិ ស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬ មានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖ពលជ័យ

ads banner