រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញ អបអរនៃទិវា ពលកម្ម អន្តរជាតិ ១ ឧសភា

បាត់ដំបង៖ រដ្ឋបាលខេត្ត និងមន្ទីរកាងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ ខែឧសភា​បានរៀប ចំពិធី​ជួបសំណេះសំណាលជាមួយ​​កម្មករ និយោជិត រោងចក្រ ចិន នៃក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ដៀល ឯ.ក ក្នុងឱកាស​ខួប អនុស្សាវរីយ៍​លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ក្រោមប្រធានបទ“សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ” ក្រោមអធិបតីភាពលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈខេត្តបាត់ដំបងបានរំលេចពីប្រធានបទថា កាលពីថ្ងៃទី ២៣​ខែធ្នូឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញប្រកាសស្តីពី៖ការកំណត់ លក្ខខណ្ឌវិនិច្ឆ័យ” សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ” ដែលមាន គោល​បំណង ផ្តោតនូវការចូលរួម​លើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ដើម្បីសំដៅបង្កើតនូវវប្បធម៌ អនុលោមភាព​តាមច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការ ដោះស្រាយវិវាទការងារក្រៅ​ប្រព័ន្ធ​​តុលាការ ដើម្បីពង្រឹងរបប សន្តិសុខសង្គម និង ការបង្កើនផលិតភាពការងារ តាមរយៈ ការ រៀបចំនូវយុទ្ធនាការនៅទូទាំងប្រទេស ចាប់ពីឆ្នាំ​២០២៤តទៅ ។

បើតាម លោក មាស ដារ៉ា ឱ្យដឹងថា មន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ខេត្តបាននិងកំពុងគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន​ចំនួន ៨១២ សហគ្រាស មានកម្មករ និយោជិត សរុបចំនួន១៦ ២៦៨នាក់ (ស្ត្រី ៦ ៩៤៩នាក់)។ក្នុងនោះ ក៏មានកម្មករ និយោជិត​បរទេស​ចំនួន ៥៣៣នាក់(ស្ត្រី ១១០នាក់)។សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីមាន ចំនួន៥១០សហគ្រាស ស្មើ​នឹង៦៥​ភាគរយ​និងសហគ្រាស ដែលបានបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកមាន ១៤២ សហគ្រាស ស្មើនឹង២៨ភាគរយ​ដែលមានប្រតិភូ​ពេញសិទ្ធិ ចំនួន១៩៧នាក់និងប្រតិភូជំនួយចំនួន១៩៧នាក់។

ក្នុងឱកាសសំណេះសំណាលលោក ទីន សារ៉ាវុធ អភិបាលរង ខេត្តបាត់ដំបងបានជំរុញឱ្យសហគ្រាសទាំងអស់នៅក្នុងខេត្តបាត់ដំបង​ ត្រូវធ្វើការប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមយក ពាន រង្វាន់នៅក្នុងសហគ្រាសរបស់ខ្លួន ដែលជាពានជ័យ លាភី “សហគ្រាសមួយ ជា​សហគមន៍សុខសាន្តមួយ៖ ពីសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកក៏បានក្រើនរម្លឹកដល់កម្មករ និយោជិត​ទាំងអស់ត្រូវជួយ ផ្សព្វផ្សាយដល់យុវជនមកពី​គ្រួសារ​ក្រីក្រី និងមាន​ហានិភ័យ ឱ្យនាំ​គ្នាមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមវិទ្យាស្ថានទាំងបី ដែលមានក្នុងខេត្តបាត់ដំបង ដើម្បី ទទួលបាន​​ជំនាញ​មួយច្បាស់លាស់ ខណៈគ្រឹះស្ថានបណ្ដុះ បណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទាំងបី កំពុងបើកទទួល​សិស្ស​ជាយុវជន​ឱ្យចុះឈ្មោះ​ចូលរៀនជារៀងរាល់ថ្ងៃ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner