ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និង ធ្វើការសម្រេច លើពាក្យប្ដឹង សរុបចំនួន ៥៥
(ភ្នំពេញ)៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែឧសភា ឆ្នាំ២០២៤នេះ បានទទួលដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៥៥ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានកសាងសំនុំរឿង០១ ករណី ដែលមានជនសង្ស័យ ចំនួន៣រូប បញ្ជូនទៅ សាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើស សមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពី ជលផលផងដែរ។
![](https://asset.ams.com.kh/central/media/2024/05/2-34-1024x768.jpg)
ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និង មន្រ្តីនាំពាក្យ អង្គភាព ប្រឆាំងអំពើពុករលួយ បានឱ្យដឹង ក្នុងកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា៖ក្រៅពីការទទួលពាក្យប្តឹងខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលមន្ត្រីចំនួន ១៩០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០នាក់ និងមន្ត្រី ៨០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។
![](https://asset.ams.com.kh/central/media/2024/05/3-34-1024x768.jpg)
ឯកឧត្តម សយ ច័ន្ទ វិចិត្រ បានលើកឡើងឱ្យដឹងដែរថាក្រៅពីការងារខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន ០២លើក រួមមាន៖ (១)ការប្រឡង ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាលទ្ធផល អង្គភាពប្រឆាំងអំពើ ពិនិត្យឃើញថាចាប់តាំងពីការ រៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ហើយស្របតាមបទប្បញ្ញត្តិនឹងគោលការណ៍នានាដែល បានដាក់ចេញ (២)ការប្រឡងជ្រើសរើសសិស្ស អាជ្ញាសាលាជំនាន់ទី៣ ត្រឹមដំណាក់កាលសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ពិនិត្យឃើញថាបានប្រព្រឹត្តិទៅដោយរលូន និងតម្លាភាពផងដែរ មុនបន្តទៅដំណាក់កាល សម្ភាសន៍បេក្ខជនដោយផ្ទាល់មាត់នាពេលខាងមុខ។
![](https://asset.ams.com.kh/central/media/2024/05/4-30-1024x768.jpg)
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា៖ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈ ចំនួន ១៤៨ គម្រោង របស់អង្គភាព លទ្ធកម្ម ចំនួន ៤៧ អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែង មួយ ចំនួនទៀត សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
![](https://asset.ams.com.kh/central/media/2024/05/5-22-1024x768.jpg)
ជាមួយគ្នាមន្រ្តីនាំពាក្យ អង្គភាព ប្រឆាំងអំពើពុករលួយ រូបនេះបានឱ្យដឹងដែរថា៖ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាព និងមន្ត្រីជាន់ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ០៣រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី “ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់ សិស្សវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន២វគ្គ ដែលមានសិក្ខាកាមសរុប ១៥៨រូប នៅសាលាភូមិន្ទរដ្ឋបាល៕
![](https://asset.ams.com.kh/central/media/2024/05/6-17-1024x768.jpg)
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ ហេងសម្បត្តិ