សម្ពោធឆ្លងបណ្ណាល័យ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង

បន្ទាយមានជ័យ៖ លោក យឹម សំណាង អភិបាលរងខេត្ត​បន្ទាយ​មានជ័យកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤បាន​អញ្ជើញចូលរួមសម្ពោធឆ្លងកុដិបណ្ណាល័យ​មួយ​ខ្នង​ឋិត​នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះ ។ពិធីនេះមានការនិមន្តនិងអញ្ជើញ​ចូលរួមពីពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរមកពីខេត្តសុរិន្ទប្រទេសថៃ។

ក្នុងឱកាសនេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មានជ័យបានលើកឡើងថា វត្តអារាម ជាបណ្ណាល័យ​បណ្ដុះ​បណ្ដាល​ធនធានមនុស្សទាំងផ្លូវលោក,ផ្លូវធម៌ប្រកបដោយ​មនសិការជាតិ ។អប់រំសាធារណជនឱ្យធ្វើតែអំពើល្អ ចៀស​វាងអំពើអាក្រក់។​ជាមួយ​នឹងការអបអរសាទរព្រមទាំងកោត​សរសើរព្រះសង្ឃដែលកសាងសមិទ្ធផលដ៏មានគុណប្រយោជន៍ លោកបានបញ្ជាក់ថា អ្វីដែល​សម្រេច​បានដោយសារ ​នយោ​បាយឈ្នះ ឈ្នះ ពិសេស សុខសន្តិភាព ។ដូច្នេះយើងរួមគ្នា​ការពារថែរក្សា​សុខសន្តិភាពឱ្យខាង​តែបាន។
ព្រះតេជ​គុណ​វិថេត សីលគុណជាខ្មែរសុរិន្ទ ព្រះចៅអធិការ វត្តនគរធម៌នៅសហរដ្ឋអាមេរិកមានថេរដិកាថា គោលបំណង​និមន្ត​មក កសាងកុដិបណ្ណាល័យមួយខ្នងនៅ​វត្តលើភ្នំឬ​វត្តសុវណ្ណគិរីភ្នំជញ្ជាំងនេះឡើងទុកសម្រាប់ពុទ្ធបរិស័ទ ព្រះសង្ឃ និងសិស្សនុសិស្ស ចូលអានស្វែងយល់ និងសិក្សា​រៀនសូត្រពីពុទ្ធសាសនា។

ព្រះតេជគុណ សួន សំអាត ចៅអធិការវត្តសុវណ្ណគិរី មាន​ថេរៈដីកាថា បណ្ណាល័យមួយខ្នងមានទំហំ១២ម៉ែត្រគុណ​នឹង១០ម៉ែត្រ កម្ពស់បីជាន់ ។មានប្រាំបីបន្ទប់។ចំណាយ​ការសាងសង់ ៨៧.២០០ដុល្លារអាមរិក ក្រោមការជួយ​ឧបត្ថម្ភពីចៅអធិការវត្តខ្មែរ​សុរិន្ទ​និងពុទ្ធបរិស័ទ សប្បុរស​ជននៅក្នុងនិងក្រៅប្រទេស៕

ដោយ៖គៀន ច័ន្ទហ៊ីន

ads banner