ឥណ្ឌាបិទសាលារៀន ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ

ញូដែលី៖ ទីភ្នាក់ងារចិនស៊ីនហួរ បានដកស្រង់សម្តីរបស់មន្រ្តីជាន់ខ្ពស់ឥណ្ឌា ដែលបាននិយាយនៅថ្ងៃចន្ទថា ស្ថាប័នអប់រំទាំងអស់ រួមមានទាំងសាលារៀន និងមហាវិទ្យាល័យ នឹងបន្តបិទនៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា រហូតដល់ថ្ងៃអង្គារនេះ ដោយសារអាកាសធាតុមិនល្អ ដែលនាំមានឱ្យភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។

ភ្លៀងធ្លាក់ឥតឈប់ឈរត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Manipur ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ជាពិសេសកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។ កាសែតហិណ្ឌូរបស់ឥណ្ឌាបានរាយការណ៍ថា ផ្ទះសម្បែង និងរថយន្តជាច្រើនបានរងការខូចខាតនៅក្នុងផ្នែកផ្សេងៗនៃរដ្ឋ Manipur រួមទាំងទីតាំង Canchipur និង Tera ក្នុងតំបន់ Imphal West។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋ Manipur លោក N.Biren Singh បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា សាលារៀន និងមហាវិទ្យាល័យទាំងអស់ នឹងបន្តបិទនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៤ ដោយសារស្ថានភាពអាកាសធាតុមិនល្អនៅក្នុងរដ្ឋ។ ការសម្រេចចិត្តនេះ ជាវិធានការប្រុងប្រយ័ត្នប្រឆាំងនឹងហានិភ័យ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុមិនល្អនាពេលបច្ចុប្បន្ន។ បន្ថែមលើនេះ គាត់ក៏បានជំរុញឱ្យអាជ្ញាធរ និងប្រជាជនទាំងអស់ផ្តល់ព័ត៌មានថ្មីៗ និងរក្សាសុវត្ថិភាពនៅក្នុងផ្ទះ។

បច្ចុប្បន្នរដ្ឋាភិបាលរដ្ឋ Manipur កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ ក៏ដូចជាជួយដល់អ្នកដែលរងផលប៉ះពាល់។ ទន្ទឹមគ្នា តំបន់មួយចំនួននៃប្រទេសអាស៊ីខាងត្បូងមួយនេះ ជាពិសេសនៅតំបន់ភាគខាងកើត ភាគខាងត្បូង និងកណ្តាល ក៏បានបន្តជួបប្រទះនូវស្ថានភាពរលកកម្ដៅក្តៅខ្លាំង ជាមួយនឹងកម្រិតបារតវាស់សីតុណ្ហភាពហក់ឡើងដល់ ៤៥អង្សាសេផងដែរ៕

ប្រភព: The Star ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner