ឥណ្ឌូនេស៊ីស្នើកាត់បន្ថយការចំណាយលើគម្រោងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង

ហ្សាការតា៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ីបានស្នើសុំកាត់បន្ថយការចំណាយសម្រាប់គម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នាជាមួយកូរ៉េខាងត្បូង ដល់ប្រហែលមួយភាគបីនៃចំនួនទឹកប្រាក់ដែលបានព្រមព្រៀងគ្នាដំបូង។

ថ្មីៗនេះ ឥណ្ឌូនេស៊ីបានស្នើទៅរដ្ឋាភិបាលកូរ៉េខាងត្បូងថា ខ្លួននឹងចំណាយប្រាក់ជាង ៤៤២លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នា KF-21 នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនរបស់រដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ។ របាយការណ៍នេះបាននិយាយថា ចំនួនទឹកប្រាក់ដើមដែលត្រូវបង់សម្រាប់ចំណែករបស់ឥណ្ឌូនេស៊ីនៃគម្រោងរួមគ្នានេះ ត្រូវបានកំណត់ថា មានចំនួនជាង ១ពាន់លានដុល្លារនៅខែមិថុនា ឆ្នាំ ២០២៦។

រដ្ឋបាលកម្មវិធីការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីបញ្ចប់ដោយជោគជ័យនូវការអភិវឌ្ឍន៍យន្តហោះចម្បាំង KF-21 រដ្ឋាភិបាលនៃប្រទេសទាំងពីរ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីកំពុងធ្វើការចរចាចុងក្រោយ ដើម្បីដោះស្រាយបញ្ហាចែករំលែកតម្លៃបច្ចុប្បន្ន។

យន្តហោះចម្បាំង KF-21 ផលិតដោយក្រុមហ៊ុន Korea Aerospace Industries (KAI) នៅក្នុងគម្រោងមួយផ្នែកដែលគាំទ្រដោយប្រទេសឥណ្ឌូនេស៊ី ត្រូវបានរចនាឡើងក្នុងតម្លៃថោកជាងយន្តហោះបំបាំងកាយ F-35 ដែលផលិតដោយសហរដ្ឋអាមេរិក។ បើតាមសារព័ត៌មានយ៉ុនហាប់ ប្រទេសឥណ្ឌូនេស៊ីក៏បាននិយាយដែរថា ខ្លួននឹងទទួលបានការផ្ទេរបច្ចេកវិទ្យាតិចជាងមុនពីកូរ៉េខាងត្បូង ដោយសារតែការកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានដោះស្រាយជម្លោះនៅឆ្នាំ ២០២២ ជុំវិញការផ្តល់មូលនិធិសម្រាប់គម្រោងយន្តហោះចម្បាំងរួមគ្នា ដែលមានតម្លៃជាង ៥ពាន់លានដុល្លារ បន្ទាប់ពីឥណ្ឌូនេស៊ីបានបញ្ឈប់ការទូទាត់ក្នុងចំណែក ២០ភាគរយ នៃការចំណាយលើការអភិវឌ្ឍន៍របស់ខ្លួន។ សំណើចុងក្រោយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីកើតឡើងបន្ទាប់ពីប៉ូលិសកូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យកណ្តាលរបស់ KAI កាលពីខែមីនា ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទបែកធ្លាយបច្ចេកវិទ្យា ទាក់ទងនឹងគម្រោងយន្តហោះចម្បាំង KF-21៕

ប្រភព: The Star ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner