ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តកោះកុង រួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ

កោះកុង៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់ចំពោះខេត្តកោះកុង ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែរឹងមាំ ។ ផ្អែកលើមូលដ្ឋាននេះ មន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទដីធ្លី និងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកោះកុងដែលបានធ្វើឡើងនៅសាលាខេត្តកោះកុង នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានជំរុញដល់រដ្ឋបាលខេត្តកោះកុង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំក្រុង បង្កើនសោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតដោយផ្ដល់នូវការសម្រាកលំហែប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់អ្នកទេសចរណ៍ និងត្រូវស្គាល់អោយបានច្បាស់អំពីឧត្តមប្រយោជន៍សេដ្ឋកិច្ចនិងសក្តានុពលរបស់ខេត្តកោះកុងដើម្បីងាយស្រួលជំរុញដល់កិច្ចអភិវឌ្ឍន៍ឱ្យចំទិសដៅ និងរួមគ្នាប្រែក្លាយជនបទរបស់ខេត្តកោះកុងឱ្យទៅជាបុរីជនបទដោយត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅនិងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ ។

បច្ចុប្បន្នខេត្តកោះកុង នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦៦៨២ក្បាលដី ក្នុងភូមិចំនួន ៦១ នៃ ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានរួចរាល់សម្រេចតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ ២០២៤ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៥ខាងមុខនេះ ។

ដើម្បីបន្តជំរុញការងារចុះបញ្ជីដីធ្លី ឯកឧត្តមបានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកោះកុងរួមមាន៖   កុំព្យូទ័រ Desktop ៤ គ្រឿងនិងកុំព្យូទ័រយួរដៃ ៧គ្រឿងរួមជាមួយសម្ភារៈបំពាក់ និងម៉ាស៊ីនស្គេន ៦ គ្រឿង។

សូមបញ្ជាក់ថា គោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ (១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។

(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។

(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។

(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ។

(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមមាន៖ (១) ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន; (២) ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា; (៣) ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន; (៤) ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍; និង (៥) ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ៕ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner