ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តព្រះសីហនុ គឺជាខេត្តឈានមុខគេក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា

ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តឈានមុខគេក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម សាយ សំអាល់ បានចង្អុលបង្ហាញថា ការរៀបចំក្រុងគួរតែរៀបចំឱ្យមានលក្ខណៈស្តង់ដាររួមមួយដោយគិតគូរអំពីលំហសាធារណៈ ដោយមានផ្លូវថ្មើរជើងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានដើមឈើ មានភាពបៃតង នោះនាពេលខាងមុខទីក្រុងនឹងមានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញ ផ្តល់នូវផាសុកភាពនិងងាយស្រួលក្នុងការរស់នៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញអាជ្ញាធរខេត្តឱ្យគិតគូរយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្ត ឬមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ។

គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រេចការវាស់វែងបាន ១១ ៨១៩ក្បាលដី ស្មើនឹង ១៣ភូមិ ប្រមូលទិន្នន័យបាន ១០ ៩៤៨ក្បាលដី បញ្ចូលទិន្នន័យបាន ១០ ៦២២ក្បាលដី និងបិទផ្សាយជាសាធារណៈបាន ៨៣៤ក្បាលដី។

ដើម្បីបន្តជំរុញការងារចុះបញ្ជីដីធ្លី ឯកឧត្តមបានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ រួមមាន៖ កុំព្យូទ័រDesktop ៤ គ្រឿង និង កុំព្យូទ័រយួរដៃ ៧ គ្រឿងរួមជាមួយសម្ភារៈបំពាក់ និងម៉ាស៊ីនស្គេន ៦ គ្រឿង។

សូមបញ្ជាក់ថា គោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖
(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស (៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។
(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមមាន៖ (១) ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន (២) ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា (៣) ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន (៤) ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ និង (៥) ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner