ប៊ែលហ្ស៊ីកស្នើឲ្យផ្អាកយន្តហោះពេលយប់ព្រោះប៉ះពាល់សុខភាពប្រជាជន
ក្រុមប្រឹក្សាសុខភាពជាន់ខ្ពស់នៃប្រទេសប៊ែលហ្ស៊ិក ថ្មីៗនេះ បានអំពាវនាវ ឲ្យមានការហាមឃាត់ សកម្មភាពយន្តហោះ ទាំងទៅ ទាំងមក នៅឯអាកាសយានដ្ឋាន Brussels ដោយសារតែសម្លេងយន្តហោះបានរំខានដល់ប្រជាជន នៅតំបន់មានការហោះហើរ ដែលបានប៉ះពាល់ច្រើន ដល់សុខភាពរបស់ប្រជាជន។
ក្រុមប្រឹក្សាសុខភាពបានប្រាប់ កាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញថា អ្នកស្រុកប្រហែល ១៦ម៉ឺននាក់ បានប៉ះពាល់ខ្លាំង ព្រោះតែសម្លេងយន្តហោះ នៅពេលយប់។ ប្រភពអះអាងថា មានហានិភ័យជាច្រើន ពីសំលេងខ្លាំងពេក រួមមានទាំង ការគេងមិនលក់ ការលំបាកក្នុងការសិក្សារបស់កុមារ សម្ពាធឈាមខ្ពស់ និងជំងឺធ្លាក់ទឹកចិត្ត។
រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ិក លោក Frank Vandenbroucke គាំទ្រឲ្យមានការកាត់បន្ថយចំនួនយន្តហោះពេលយប់បន្តិចម្តងៗ។ ប៉ុន្តែ ប្រតិបត្តិករអាកាសយានដ្ឋាន Brussels បានទទូចថា ចរាចរណ៍ផ្លូវអាកាស នៅពេលយប់ មានសារៈសំខាន់ ជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញសំខាន់ៗ ដូចជា ឱសថ ជាដើម។
បើតាមក្រុមប្រឹក្សាសុខភាពមួយនេះ កាលពីឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត Covid គេបានកត់សម្គាល់ថា ជើងហោះហើរ ចន្លោះម៉ោង ១១យប់ ដល់ម៉ោង ៧ព្រឹក បានធ្វើឲ្យអ្នកស្រុកប្រហែល ១៦ម៉ឺនបីពាន់នាក់ រងផលប៉ះពាល់ ដោយសារតែកម្រិតសំពាធសម្លេងយន្តហោះ លើសពី ៤៥ ឌេស៊ីបែល (Decibel)។
ព្រោះតែប៉ះពាល់អវិជ្ជមាន ដល់សុខភាព អង្គការសុខភាពពិភពលោក ធ្លាប់បានផ្តល់អនុសាសន៍ថា ឲ្យកាត់បន្ថយសំលេងរំខាន ឲ្យស្ថិតក្រោម កម្រិត ៤០ Decibel។
មន្ត្រីបែលហ្ស៊ិកក៏ចង្អុលបង្ហាញពីការសិក្សារបស់កុមារ នៅសាលាបឋមសិក្សា ក្នុងប្រទេសអាឡឺម៉ង់ ដែលត្រូវបានរំខានដំណេក ដោយសារតែសម្លេងយន្តហោះ នៅជិតអាកាសយានដ្ឋាន Frankfurt ក្នុងនោះ បានធ្វើឱ្យកុមារចុះខ្សោយ ក្នុងការរៀនអាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត