យន្តហោះចុះចតបន្ទាន់នៅតួកគី ប្រព័ន្ធ Landing Gear មិនដំណើរការ

អង់ការ៉ា៖ យន្តហោះដឹកទំនិញមួយគ្រឿង បានចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយសារតែ Landing Gear ឬ ប្រព័ន្ធចុះចតរបស់យន្តហោះ មានបញ្ហា មិនដំណើរការ។

AFP បានចេញផ្សាយថា យន្តហោះមួយគ្រឿងនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកទំនិញអាមេរិក FedEx Airlines។ ដោយសារតែបញ្ហា Landing Gear អ្នកបើកយន្តហោះ ត្រូវចុះចតភ្លាមៗ ដោយពឹងផ្នែកនៅលើតួរបស់យន្តហោះ ខណៈដែលក្រុមរថយន្តឆ្លើយតបបានប្រញាប់ប្រញាល់ ទៅទប់ស្កាត់កុំឲ្យឆាបឆេះធ្ងន់ធ្ងរ លើយន្តហោះដែលមានចេញផ្កាភ្លើង។ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្ស រងរបួសនោះឡើយ។

បើតាម New York Post បានឲ្យដឹងថា វាគឺជាប្រភេទយន្តហោះ Boeing 763 ដោយបានចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នេះបើយោងតាមមន្ត្រីក្រសួងដឹកជញ្ជូនតួកគី។

New York Post បានបន្តថា អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈដែលយន្តហោះដែលមានអាយុកាល ជិត១០ឆ្នាំ ដែលរងការខូចខាតមួយនេះ ត្រូវបានអូសចេញពីផ្លូវរត់។ ក្រសួងមិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃបញ្ហាប្រព័ន្ធចុះចតរបស់យន្តហោះ នៅឡើយទេ ដោយត្រូវរងចាំការស៊ើបអង្កេតបន្ត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner