ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីស្ម័គ្រចិត្តចូលរួមបរិច្ចាគ ឈាម ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំង ការអញ្ជើញចូលរួមសម្របសម្រួលពី លោកវេជ្ជបណ្ឌិត សុខ ម៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សរុបចំនួន ៤០០រូប ។ នៅក្នុងកម្មវិធីសប្បុរសធម៌នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ ជាច្រើនរូបបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ប្រកបដោយក្តីសោមនស្សរីករាយ និងមោទកភាព ។
ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបរិច្ចាគឈាមរបស់ ក្រសួងអធិការកិច្ចឆ្នាំ២០២៤នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ហើយនេះជាលើកទី១ ដែលក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខភាពរបស់មន្ត្រីរាជការផង ដែលជាទានដ៏ល្អប្រពៃ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាការប្រារព្ធ ពិធីបរិច្ចាគឈាមនៅថ្ងៃនេះ គឺដើម្បីឧទ្ទិស និងចូលរួមអបអរសាទរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ» ។
បើទោះបីជាកន្លងមក មានការចូលរួមបរិច្ចាគឈាមពីគ្រប់មជ្ឈដ្ឋានបានច្រើនក្តី ប៉ុន្តែនៅតែមិនទាន់អាចឆ្លើយតប នឹងតម្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងតែត្រូវការនៅឡើយ។ ដូច្នេះ ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាទានដ៏ប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដើម្បីសង្គ្រោះ ជីវិតមនុស្ស និងផ្តល់ក្តីស្រឡាញ់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំពោះទឹកចិត្តដ៏សប្បុរស ក៏ដូចជាសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដ៏មមាញឹកដើម្បីសម្របសម្រួលកម្មវិធីផ្តល់ឈាមនេះ និងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងរៀបចំកម្មវិធីបរិច្ចាគឈាមនេះជាបន្តបន្ទាប់នាពេលខាងមុខ ៕
ដោយ ៖ ហេង សម្បត្តិ