ការចូលរួមរបស់ជម្រើសជាតិហុកគីនារី ក្នុងជើងឯកអាស៊ី នៅថៃជាការវាស់ស្ទង់កម្រិតបច្ចេកទេសឈានទៅរកចំណុចខ្លាំងការប្រកួតស៊ីហ្គេម
ភ្នំពេញ៖ ក្រុមកីឡាការិនីហុកគីកម្ពុជា នឹងត្រូវទៅចូលរួមការប្រកួតកីឡាហុកគី ជើងឯកអាស៊ី(2024 Women’s Indoor Hockey Asia Cup)នៅប្រទេសថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ការប្រកួតនេះមាន ១០ប្រទេសចូលរួម បែងចែកជា២ពូល ហើយក្រុមនារីកម្ពុជាស្ថិតនៅពូល B ដែលមាន ម្ចាស់ផ្ទះថៃ, សិង្ហបុរី, ឥណ្ឌូនេស៊ី និង វៀតណាម។ នេះជាលើកទី២ហើយ ដែលក្រុមនារីជម្រើសជាតិកម្ពុជាបានចូលរួមព្រឹត្តិការណ៍ដ៏ធំកម្រិតទ្វីប ដោយលើកទី១ កាលឆ្នាំទៅមិញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម១២ប្រទេស។
នេះជា ការបញ្ជាក់ឱ្យដឹងពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគី ក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាព្រឹកថ្ងៃទី៩ មុននឹងលោក ដឹកនាំក្រុមទៅចូលរួមប្រកួត។
អគ្គលេខាធិការរូបនេះ បានពន្យល់ថា ក្រុមហុកគីនារីកម្ពុជា បានចូលរួមការ ប្រកួត មិត្តភាព អន្តរជាតិផ្លូវការមួយកាលខែកុម្ភៈ កន្លងទៅ នៅខេត្តសារ៉ាក់បុរី ប្រទេសថៃ ដើម្បីវាស់ស្ទង់សមត្ថភាព គឺទទួលបានមេដាយសំរឹទ្ធ ហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក៏ទទួលបានមេដាយសំរឹទ្ធដែរនោះ លោកសង្ឈឹមខ្ពស់ថា ក្រុមជម្រើសជាតិនារីនឹងបន្តដណ្តើមបានលទ្ធផលល្អជូនជាតិ នាំយកមេដាយកម្រិតណាមួយមកវិញជាក់ជាមិនខាន។
លោក កាំង សុធា ក៏បានចាត់ទុកការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកអាស៊ី ដែលរៀបចំដោយសហព័ន្ធកីឡាហុកគីអាស៊ីនេះ ការវាស់ស្ទង់កម្រិតបច្ចេកទេសមួយ ដ៏មាន សារៈសំខាន់ សម្រាប់ការវាយតម្លៃពីសមត្ថភាពកូនក្រុម ដើម្បីកែខៃចំណុចខ្វះ ខាត ប្រក្លាយឈានទៅរកភាពខ្លាំងក្នុងការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥ផដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាហុកគីជើងឯកអាស៊ី (2024 Women’s Indoor Hockey Asia Cup) នៅប្រទេសថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ មាន១០ប្រទេសចូលរួមបែងចែកជាពីរពូល ក្នុងនោះ ក្រុមនារីកម្ពុជាស្ថិតនៅពូល B ដែលមានម្ចាស់ផ្ទះថៃ, សិង្ហបុរី, ឥណ្ឌូនេស៊ី និង វៀតណាម។ ខណៈ ពូល A មានអ៊ីរ៉ង់ កាហ្សាក់ស្ថាន ម៉ាឡេស៊ី, នេប៉ាល់ និង អូម៉ង់៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ