បីខែទៀត អ៊ែ អេស៊ា ខេមបូឌា បើកជើងហោះហើរទៅថៃ ម៉ាឡេស៊ី និងសិង្ហបុរី

ភ្នំពេញ៖ នៅខែសីហា ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ខ្មែរ អ៊ែរ អេស៊ា ខេមបូឌា( Air Asia Cambodia )នឹងបើកដំណើរការហោះហើរពីរាជធានីភ្នំពេញទៅកាន់ ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ជាការបើកឆាកឆ្ពោះទៅរកទីផ្សារអន្តរជាតិដំបូងបង្អស់ ដែលក្រុមហ៊ុនសន្យាថានឹងលក់សំបុត្រក្នុងតម្លៃទាបសមរម្យ។

តាមរយៈឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia Cambodia បានឲ្យដឹងថា ក្រុមហ៊ុននឹងកាត់ចំណាយដែលមិនចាំបាច់ ហើយប្រើបុគ្គលិកដែលមានប្រសិទ្ធភាពការងារខ្ពស់ ពោលគឺមនុស្សម្នាក់អាចធ្វើការបានច្រើនមុខ ដែលយុទ្ធសាស្ត្រនេះជាផ្នែកមួយជួយបន្ទាបតម្លៃសំបុត្រហោះហើរទៅបរទេសឲ្យមានតម្លៃធូរថ្លៃ។ ក៏ប៉ុន្តែ នាយកប្រតិបត្តិរូបនេះ មិនទាន់បញ្ជាក់នៅឡើយពីតម្លៃជាក់លាក់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា បន្ទាប់ពីហោះទៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី គោលដៅអន្តរជាតិបន្ទាប់គឺ វៀតណាម ចិន និងឥណ្ឌា។ លោកលើកឡើងថា ការបើកជើងហោះហើរទៅក្រៅប្រទេសនឹងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាកាសចរណ៍ខ្មែរ ជាមួយក្រុមហ៊ុនអាកាសចរណ៍បរទេស។
លោក ធួន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ា ស៊ី ហ្វិ ក លើកឡើងថា ការបើកជើងហោះហើរទៅមកដែលមានតម្លៃសមរម្យ មិនត្រឹមតែផ្តល់ជម្រើសសន្សំសំចៃដល់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ តែ នឹងជួយទាក់ទាញទេសចរអន្តរជាតិឱ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។

Air Asia Cambodia បានចាប់ផ្តើមជើងហោះហើរនៅក្នុងស្រុកដំបូង កាលពីថ្ងៃទី២ ឧសភា ដោយហោះទៅមករវាងរាជធានីភ្នំពេញ និងខេត្តសៀមរាប និងរវាងខេត្តសៀមរាប និងព្រះសីហនុ។ តម្លៃសំបុត្រនៅពេលនេះ គឺក្រោម៣០ដុល្លារក្នុងមួយកៅអីដែលជាតម្លៃរួមទាំងពន្ធ។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ លោក ណម វិស្សុត នាយកប្រតិបត្តិ Air Asia Cambodia គ្រោងទិញបន្ថែមយន្តហោះចំនួន ១៦គ្រឿងទៀត ដើម្បីពង្រីកការហោះហើរទៅច្រើនប្រទេសផ្សេងទៀតក្រៅតំបន់អាស៊ាន រួមទាំង កូរ៉េខាងត្បូងផង។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ខ្មែរចំនួន៥ ដែលបានចុះបញ្ជីប្រតិបត្តិការធ្វើអាជីវកម្មហោះហើរ។ ក្រុមហ៊ុនទាំងនោះមាន ខេមបូឌាអង្គរ អ៊ែរ, ខេមបូឌា អ៊ែរ វេ, ស្កាយអង្គរអ៊ែរ ឡានម៉ី អ៊ែរ ឡាញ និង Air Asia Cambodia។ នេះបើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner