ផុតរលកកម្តៅ ប្រជាជនជនភ័យទឹកលិចក្រុង! លិច ឬអត់ឆ្នាំនេះ?

ភ្នំពេញ៖ រលកកម្តៅកន្លង ឆ្លងចូលវស្សា ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ កំពុងភ័យបារម្ភរឿងជំនន់ទឹកភ្លៀងវិញម្តង ខណៈដែលប្រព័ន្ធរំដោះទឹកហាក់មិនទាន់គ្រប់គ្រាន់។

នៅតំបន់ចំការដូង ខណ្ឌដង្កោ ដែលងាយរងគ្រោះដោយទឹកជំនន់ អ្នកស្រី ជ្រុន គឹមសាន អាយុ ៤០ឆ្នាំ ព្រួយថា ផ្ទះរបស់គាត់នឹងត្រូវជន់លិចម្តងទៀតនៅរដូវវស្សាឆ្នាំនេះ។ អ្នកស្រីត្អូញត្អែរថា ភ្លៀងធ្លាក់ដំបូង ទឹកចាប់ផ្តើមលិចផ្លូវខ្លះទៅហើយ។
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមុននេះ បានបន្ថយកម្តៅដែលកើនលើស៤០អង្សារសេ ប៉ុន្តែទឹកភ្លៀងក៏បានជន់លិចតំបន់មួយចំនួនភ្លាមៗដែរ ដូចជា ចំការដូង ដំបូកខ្ពស់ បឹងត្របែក ទួលសង្កែជាដើម។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទូរទស្សន៍អប្សរាថា ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងផង និងជំនន់ពីទឹកទន្លេ និងស្ទឹងព្រែកត្នោតដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផង។ ទំហំហូរកាត់នេះធ្វើឲ្យកម្ពស់ទឹកកើនឡើងពី ១ ៣០០ ទៅ១ ៧០០ម៉ែត្រគូបក្នុងមួយវិនាទី។

គិតត្រឹមឆ្នាំ២០២៣ រាជធានីភ្នំពេញ មានស្ថានីយបូមទឹករំដោះទឹកភ្លៀងចេញពីក្រុងចំនួន១៤កន្លែងដែលកំពុងដំណើរការ និងបណ្តាញលូសរុបប្រវែង៤២០គីឡូម៉ែត្រ ដែលអាចកាត់បន្ថយទឹកលិចបាន៦០ភាគរយប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់មន្ទីរសាធារណការរាជធានីភ្នំពេញនាពេលកន្លងមក។

ថ្មីៗនេះ អាជ្ញាធរបានស្តារប្រឡាយចំនួន១០ខ្សែប្រវែង ២៦០គីឡូម៉ែត្រ និងជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៅព្រែកហូរ ខេត្តកណ្តាល ប្រវែង ៣៤គីឡូម៉ែត្រ ដើម្បីបញ្ចៀសកុំឲ្យទឹកហូរចូលរាជធានីភ្នំពេញ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាក់ថា នៅពេលសំណង់ទាំងអស់នេះសាងសង់រួច វានឹងអាចដោះទឹកនៅផ្នែកខាងក្រោមបានប្រមាណ ៨៥០ ម៉ែត្រគូបក្នុងមួយវិនាទី។

គម្រោងនេះជាផ្នែកមួយនៃផែនការចំណាយ៣០០លានដុល្លារ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុម័តសម្រាប់ស្តារ និងសាងសង់ហេដ្ឋា រចនា សម្ព័ន្ធ ដើម្បីបញ្ចៀសរាជធានីភ្នំពេញពីការជន់លិច។ យ៉ាងណាក៏ដោយ ពុំមានមន្ត្រីឬអ្នកជំនាញហ៊ានអះអាងថា ភ្នំពេញនឹងមិនលិចទឹកនោះទេនៅរដូវវស្សាឆ្នាំ នេះ ខណៈការអនុវត្តគម្រោងរំដោះទឹកមិនទាន់បញ្ចប់នៅឡើយ។

លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ និយាយថា ភ្នំពេញគួរប្តូរប្រព័ន្ធលូមូលតូចៗ ព្រោះលូប្រភេទនេះ រំដោះទឹកបានតិច និងពិបាកក្នុងការស្តារ។ ចំណែកលោក សឿន សារ៉ន នាយកប្រតិបត្តិនៃ សមាគមធាងត្នោត បាននិយាយថា ត្រូវតែរក្សាបឹងធម្មជាតិដែលនៅសេសសល់ប្រមាណជា១០បឹង ដើម្បីទុកជាកន្លែងជួយរំដោះទឹក៕
ដោយៈឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner