បួនខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញស្រូវ និងអង្ករបានជិត ៩០០លានដុល្លារ
ភ្នំពេញៈយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលបួនខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០នលានដុល្លារពីការនាំចេញស្រូវ និងអង្ករ។ ក្នុងនោះ អង្ករនាំចេញមានចំនួនជាងន២៤ម៉ឺនតោន បានចំណូលជាង១៧០លានដុល្លារ និងការនាំចេញស្រូវជាងពីរលានតោនមានតម្លៃ ៦៩៣លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបង្ហាញថា អង្កររបស់ខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន៦០ ដោយអ្នកនាំចេញមានចំនួន ៤៨ក្រុមហ៊ុន ខណៈដែលអ្នកទិញអង្ករសំខាន់ៗរបស់កម្ពុជាក្នុងអំឡុងពេលនោះរួមមានប្រទេសសហភាពអឺរ៉ុបដែលទិញអង្ករពីកម្ពុជាច្រើនជាងគេក្នុងចំនួនជាង១០ម៉ឺនតោន បន្ទាប់មកប្រទេសចិន ក្រុងហុងកុង និងប្រទេសសមាជិកអាស៊ាន។
ប្រភេទអង្ករដែលទទួលការបញ្ជាទិញច្រើនជាងគេ មានអង្ករក្រអូបដែលមានចំនួនជាង៧៣ភាគរយនៃអង្ករសរុប អង្ករសគ្រាប់វែង អង្ករស និងអង្ករសរីរាង្គ ជាដើម។
ប្រទេសកម្ពុជាមានគោលបំណងពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ទីផ្សារនៅប្រទេសម៉ាឡេស៊ី ហ្វ៊ីលីពីន និងប្រទេសមជ្ឈឹមបូព៌ា និងបានដាក់គោលដៅនាំចេញអង្ករឲ្យបានយ៉ាងហោចណាស់១លានតោននៅឆ្នាំ ២០២៥។ ប៉ុន្តែ គេមិនទាន់ដឹងថាគោលដៅនេះអាចសម្រេចបានឬយ៉ាងណាទេ ខណៈដែលកាលពីឆ្នាំ ២០២៣ កម្ពុជានាំចេញអង្ករសរុបបានតែជាង ៦៥ម៉ឺនតោន ប៉ុណ្ណោះ។ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងពិភាក្សាអំពីទិដ្ឋភាពទីផ្សារកម្ពុជា ធៀបទៅនឹងប្រទេសប្រកួតប្រជែង ដើម្បីជំរុញការនាំចេញ៕
ដោយៈកែ ផុស