យូអិនឌីភី លាតត្រដាងឧបសគ្គប្រាំធំៗរារាំងសក្តានុពលរបស់យុវជនខ្មែរ
លទ្ធផលស្ទង់មតិរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ យូអិនឌីភី(UNDP )នាពេលថ្មីៗនេះ បានបង្ហាញពីឧបសគ្គធំៗចំនួនប្រាំដែលរារាំងសក្ដានុពលរបស់យុវជនខ្មែរ ជាបញ្ហាដែលកម្ពុជាចាំបាច់ត្រូវតែដោះស្រាយ។ បញ្ហានោះរួមមាន លទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុតិចតួច ខ្វះការអប់រំដែលមានគុណភាព ឱកាសបណ្តុះបណ្តាលមិនគ្រប់គ្រាន់ទាំងជំនាញទន់ និងជំនាញរឹង ឱកាសចូលរួមក្នុងកិច្ចការសង្គមមានកំណត់ និងកង្វះការងារធ្វើនៅតាមខេត្ត។
លើសពីនេះទៀត ការស្ទង់មតិដែលប្រមូលបានពីយុវជនជាង៤០០នាក់នៅ១៧រាជធានីខេត្ត មានអាយុ១៥ទៅ៣០ឆ្នាំ បានកំណត់ភាពក្រីក្រ ការអប់រំគុណភាពអន់ ការធ្វើចំណាកស្រុក ការប្រើប្រាស់ថ្នាំញៀន ការចំណាយខ្ពស់ក្នុងការរស់នៅ និងការថែទាំងសុខភាព ជាបញ្ហាប្រឈមធំបំផុតដែលរារាំងការអភិវឌ្ឍន៍ប្រទេស។
លោក សាន បូរី ជាយុវជនម្នាក់រស់នៅរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍អប្សរាថា ការស្ទង់មតិនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីកង្វល់មួយចំនួនរបស់យុវជន។ លោកលើកឧទាហរណ៍ពីបញ្ហាអប់រំ ដោយលោកថាការបណ្តុះបណ្តាលជំនាញឱ្យសមស្របតាមទីផ្សារការងារនៅតែជាឧបសគ្គ។ ចំណែកគុណភាពនៃការទទួលបានការអប់រំបែបទំនើប ឬតាមបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។
ទន្ទឹមនឹងឧបសគ្គ និងបញ្ហាប្រឈមទាំងនេះ យុវជនខ្មែរក៏បានកត់សម្គាល់ឃើញពីវឌ្ឈនភាពមួយចំនួនដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs ដែលកំណត់ដោយអង្គការសហប្រជាជាតិផងដែរ។ ៦០ភាគរយនៃពួកគេបានឃើញពីភាពប្រសើរឡើងខ្លះដែរ ក្នុងវិស័យសុខាភិបាល សុខមាលភាព និងទឹកស្អាត និងអនាម័យ។
ការស្ទង់មតិដដែលនេះ បង្ហាញទៀតថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រុមយុវជនទាំងនេះចង់ឃើញកម្ពុជា មានប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ មានការងារច្រើននៅខេត្តនិងជនបទ និងការអភិវឌ្ឍដែលមានតុល្យភាពរវាងតំបន់ទីក្រុង និងជនបទ។ លើសពីនេះទៀត យុវជនបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទទួលបានសេវាសាធារណៈកាន់តែប្រសើរឡើង និងបានអំពាវនាវឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ទូរទស្សន៍អប្សរាថា អ្វីដែលជាបញ្ហាកង្វល់របស់យុវជនសុទ្ធតែស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ លោកបានសម្គាល់ថា យុវជនដែលទទួលស្គាល់ការវិវត្តន៍ទៅរកភាពល្អប្រសើរមានច្រើន ខណៈអ្នកដែលឆ្លើយថាមិនមានការផ្លាស់ប្តូរ មានចំនួនតិច។
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈយល់ថា កម្ពុជាត្រូវការរួមគ្នាបន្ថែមទៀតក្នុងការកែប្រែផ្នត់គំនិត និងការឱ្យតម្លៃទៅលើការសិក្សាជំនាញបច្ចេកទេសទៅកាន់យុវជនដែលបានបោះបង់ចោលការសិក្សា។ ដោយទទួលស្គាល់ពីបញ្ហាប្រឈមនេះដែរ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ និយាយថា ក្រសួងនឹងបន្តធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពអប់រំ។
យូអិនឌីភី នឹងយកលទ្ធផលនៃការស្ទង់មតិនេះជាធាតុចូលសម្រាប់ការរៀបចំឯកសារយុទ្ធសាស្តប្រចាំប្រទេសឆ្នាំ ២០២៤-២០២៨៕
ដោយៈឡុង គីមម៉ារីតា