ពលរដ្ឋក្នុងស្រុកដងទង់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
កំពត៖ ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកខេត្តកំពត ព្រះសីហនុ និងខេត្តកែប ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដងទង់ ក្នុងនោះដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។
ឯកឧត្តម សុខ សុភ័ក្រ្ត បានឳ្យដឹងថា ដោយទទួលបានការណែនាំពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីសុខទុក្ខ ពិសេសសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមមសាយ សំអាល់ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ដោយឥតគិតថ្លៃ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលបានរស់នៅលើទឹកដីកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពគឺពិតជាមានសំណាងខ្លាំងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស តាំងពីសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស។
តាមការឱ្យដឹងពី ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា យុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង បានធ្វើឡើងតាមបណ្តាខេត្តមួយចំនួនដូចជានខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប ក្រចេះ ព្រៃវែង តាកែវ ព្រះសីហនុ រាជធានីភ្នំពេញ ហើយបានបន្តមកខេត្តកំពត និងខេត្តកែបបន្តទៀត។
ឯកឧត្តមបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្នុងមួយខេត្តធ្វើឡើងចំនួនពីរ ទៅបីដងក្នុងមួយឆ្នាំ ហើយក្នុងម្តងៗមានរយៈពេល ២ទៅ ៣ថ្ងៃ ហើយក្នុងមួយថ្ងៃពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋបានប្រមាណពី១០០ ទៅ ២០០នាក់៕
ដោយៈសិលា សារិន