ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ យើងរួមគ្នាកសាងសមិទ្ធផលនានាបាន គឺដោយសារ សុខសន្តិភាព

ភ្នំពេញ៖ ក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សមិទ្ធផលដែលយើង សម្ពោធនៅ ពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។

យើងទាំងអស់គ្នាត្រូវចងចាំថា ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។

ឯកឧត្ដម បន្តថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យយើងមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨។

ឯកឧត្តមហ៊ុន ម៉ានី ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នាគាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យសម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយើង។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងពីប្រវត្តិ នៃវត្តអង្គតាម៉ិញ ដោយឯកឧត្ដមបញ្ជាក់ថា ទីតាំងវត្តអង្គតាមិញ ពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។

តាម៉ិញគាត់បានប្រគល់ដីនេះជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញបានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ ។ វត្តអង្គមិញ គិតមកដល់ពេលនេះមានអាយុកាល ១២៦ឆ្នាំហើយ ជាវត្តមានបារមីស័កសិទ្ធ ដែលធ្វើអោយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមានជំនឿ ជឿងជាក់យ៉ាងខ្លាំង ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ប្រាសាទ ការពង្រីកសាលាធម្មសភា ព្រះពុទ្ធរូបអង្គធំកម្ពស់ ១៥ ម៉ែត្រ មួយអង្គ ព្រះពុទ្ធរូបតូចៗចំនួន ១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត សរុបជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner