ខេត្តបាត់ដំបង ប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥
បាត់ដំបង៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ក្នុងបរិវេណទីលានបាល់ទាត់ វាលបែកចាន ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តម ស សុខា បានរំលេចថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដោយបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំនិងតែងតែប្រារព្ធធ្វើឡើងតាមបណ្តា
ប្រទេសនានាទូទាំងសកលលោក និងដើម្បីជាការក្រើនរំលឹកដាស់តឿនទៅដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក។ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ដើម្បីឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកំពុងតែចោទជាបញ្ហាប្រឈមខ្លាំង ។
ឆ្នាំ២០២៤ គឺជាឆ្នាំលើកទី១៥ ដែលប្រទេសកម្ពុជាបានប្រារព្ធនូវ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស សុខា បន្ថែមថាការប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់នូវទុក្ខសោកលំបាក និងភាពក្រីក្ររបស់ប្រជាពលនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ ផែនការសកម្មភាពទសវត្សរ៍ចរាចរណ៍ផ្លូវគោក២០២៤-២០៣០របស់អង្គការសហប្រជាជាតិ។
ឯកឧត្តមសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវ ដល់អ្នកដែលប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)