ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព កំពុងបានផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងដល់យុវជនកំពុងស្វែងរកការងារធ្វើ

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពដ៏ធំ ដែលបានចាប់ផ្តើមនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS រាជធានីភ្នំពេញដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ។

ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗ ដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះ យុវជននិងអ្នកស្វែងរកការងារ ត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួល និងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត។

លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក)ព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។

លោកជំទាវ ឱ្យដឹងថា កន្លងមក ស.ស.យ.ក តែងតែធ្វើជាដៃគូយ៉ាងជិតស្និតជាមួយ NEA ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានវេទិកាការងារ ពិព័រណ៍ការងារថ្នាក់ជាតិជាដើម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីឱកាសការងារ ដល់ប្រជាពលរដ្ឋពិសេសយុវជន។

លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា ILO ពិតជាមានសេចក្តីសោមនស្សរីករាយនឹងគាំទ្រគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ការងារដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះឡើង ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងនិយោជក អ្នកស្វែងរការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ពិសេសនោះ ពិព័រណ៍ការងារនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជកដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។

គួរបញ្ជាក់ថាពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនេះបានរៀបចំឡើងរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី០៩-១០ ខែឧសភា នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម ៕

ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក វ៉េងលីមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner