សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទទួលបានថវិកាជាង២១ម៉ឺនដុល្លារក្នុងឳកាសប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា
បន្ទាយមានជ័យ: ថវិកាជាង២១ម៉ឺនដុល្លារត្រូវបានសប្បុរសជននានាបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យក្នុងឳកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”។
ក្នុងពិធីដែលប្រារព្ធឡើងកាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានរំលេចនូវលទ្ធផលការងារមនុស្សធម៌របស់សាខាកាកបបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អនុវត្តកន្លងមកឈរលើគោលការណ៍រួមផ្នែកមនុស្សធម៌ ដោយមិនលំអៀង ពុំរើសអើង និងឯករាជ្យភាព។ កាកបាទក្រហមបានផ្តល់កញ្ចប់ទ្រទ្រង់សុខភាពមាតា ទារក និងកុមារ, បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយធម្មជាតិ និងឧបទ្ទវហេតុជាដើម ។
ឯកឧត្តម ឌិត ទីណា បានអំពាវនាវដល់សប្បុជនបន្តវប្បធម៌ ចែករំលែកដោយសទ្ធា ដើម្បីជំរុញឲ្យចលនាកាកបាទក្រហមកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លា លើបេសកកម្មការងារសប្បុរសធម៌៕
ដោយៈគៀន ច័ន្ទហ៊ីន