សិង្ហបុរីជាប់ជាប្រទេសមានទីក្រុងមានទ្រព្យសម្បត្តិបំផុតទី៤ លើពិភពលោក
សង្ហិបុរី៖ យោងតាមប្រភពពីគេហទំព័រ Henley & Partners បានឱ្យដឹងថា ទីក្រុងសិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក ដោយវ៉ាដាច់ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។
យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បត្តិបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤ របស់ទីប្រឹក្សាការធ្វើចំណាកស្រុកដើម្បីវិនិយោគ បានឱ្យដឹងថា បុគ្គលដែលមានទ្រព្យសម្បត្តិ (HNWI) រហូតដល់ ៣,៤០០នាក់បានផ្លាស់ទៅប្រទេសសិង្ហបុរី គិតត្រឹមក្នុងឆ្នាំ២០២៣។ ប្រទេសសង្ហិបុរី ដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជាទីក្រុងដែលងាយស្រួលធ្វើអាជីវកម្មបំផុតនៅទូទាំងពិភពលោក បច្ចុប្បន្ននេះគឺជាផ្ទះរបស់មហាសេដ្ឋី ឬបុគ្គលដែលមានទ្រព្យសម្បត្តិចំនួន ២៤៤,៨០០នាក់។
តួលេខនេះបានធ្វើឱ្យចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសង្ហិបុរី កើនឡើងចំនួន ៦៤ភាគរយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣។ ហើយការវិនិយោគរបស់មហាសេដ្ឋី និងបុគ្គលទាំងអស់នោះ អាចមានចាប់ពីខ្ទង់លានដុល្លារ រហូតដល់ពាន់លានដុល្លារឯណោះ។ លើសពីនេះ សង្ហិបុរីក៏ត្រូវបានគេរំពឹងដែរថា នឹងវ៉ាដាច់ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ក្លាយជាទីក្រុងមានទ្រព្យសម្បត្តិជាងគេនៅអាស៊ីក្នុងពេលឆាប់ៗនេះផងដែរ។
ទីក្រុងតូក្យូ បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកកាលពីមួយទសវត្សរ៍មុន បានធ្លាក់ចុះចំនួន ៥ភាគរយនៃចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិ (HNWI) របស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំ ហើយឥឡូវនេះស្ថិតនៅលំដាប់ទី៣ ជាមួយនឹងមហាសេដ្ឋីចំនួន ២៩៨,៣០០នាក់។ ចំណែកទីក្រុងឡុងដ៍ ដែលជាទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ បានធ្លាក់ចុះចំណាត់ថ្នាក់ទី៤ ហើយឥឡូវនេះស្ថិតនៅចំណាត់ថ្នាក់ទី៥ ជាមួយនឹងមហាសេដ្ឋីចំនួន ២២៧,០០០នាក់ ធ្លាក់ចុះ ១០ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា