ត្រឹម៣ខែ Toyota ចំណេញ ជាង ៣០ពាន់លានដុល្លារ
តូក្យូ៖ ក្រុមហ៊ុនផលិតឡានលំដាប់ពិភពលោករបស់ជប៉ុន Toyota នៅក្នុងថ្ងៃពុធនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំច្រើនជាង ៣០ពាន់លានដុល្លារ។
ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងដល់ ៣១.៩ពាន់លានដុល្លារ គិតត្រឹមខែមីនាឆ្នាំនេះ ខណៈដែលប្រាក់ចំណូលវិញ មានចំនួន ២៨៩ពាន់លានដុល្លារ កើនឡើង ២១.៤ភាគរយ។
ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ១១.១លានគ្រឿងនៅគ្រប់ម៉ាកទាំងអស់នៅក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ កើនឡើង ៥ភាគរយ ហើយជាលើកដំបូងដែល Toyota លក់រថយន្តលើសពី ១០លានគ្រឿង។
ការលក់រថយន្តកូនកាត់ (សាំង និងអាគុយ) បានកើនឡើងចំនួន ៣១ភាគរយ ដល់ ៣.៧លានគ្រឿង មានដូចជារថយន្ត Corolla និងរថយន្ត RAV4 ជាដើម។ ការលក់រថយន្តអគ្គិសនីសុទ្ធមានចំនួនតិចជាង ១១៦,៥០០។
យ៉ាងណាមិញ Toyota នៅតែមានគោលដៅលក់រថយន្តអគ្គិសនីចំនួន ១.៥លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ និង ៣.៥លានគ្រឿងនៅឆ្នាំ ២០៣០។
សម្រាប់ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Toyota រំពឹងថា នឹងទទួលបានប្រាក់ចំណេញសុទ្ធជាង ២២ពាន់លានដុល្លារ ហើយការលក់នឹងមានទឹកប្រាក់ជាង ២៩៥ពាន់លានដុល្លារ កើនឡើង ២ភាគរយ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា