ក្រសួងកសិកម្មជំរុញឳ្យធ្វើទំនើបកម្មសហគមន៍កសិកម្មពន្លឺពេជ្រចិន្តាស្រុកភ្នំព្រឹក
បាត់ដំបង : ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានបំណងចង់ឃើញសហគមន៍ពន្លឺពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្លាយ ទៅជាសហគមន៍ទំនើបតាមរយៈនៃការប្រើប្រាស់សម្ភារ: និងបច្ចេកទេសទាន់សម័យ។
លោករដ្ឋមន្រ្តីបានជំរុញដល់ប្រធានសហគមន៍និងប្រជាសហគមន៍ពន្លឺពេជ្រចិន្តា ឲ្យបន្តចូលរួមជាមួយមន្ត្រីជំនាញក្នុងខេត្ត ជាមួយដៃគូ និងក្រសួង ពាក់ព័ន្ធដើម្បីប្រែក្លាយសហគមន៍មួយនេះឳ្យទៅជាសហគមន៍មួយទំនើបផលិតបន្លែសរីរាង្គ តាមរយៈការដាំបន្លែផ្ទះសំណាញ់សុវត្ថិភាពរបស់ខ្លួន ។
ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយប្រធានសហគមន៍ និង សមាជិកស
ហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ស្រុកភ្នំព្រឹក កាលពីពាក់កណ្តាលសប្ដាហ៍នេះឯកឧត្តម ឌិត ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ដែលបានលះបង់ថវិកា ជាភាគហ៊ុន និងដីធ្លីដាំដុះបង្កើតបានជាសហគមន៍កសិកម្ម ពន្លឺថ្មីពេជ្រចិន្តា តាមរយៈនៃការផលិតនូវបន្លែសុវត្ថិភាពផ្ទះសំណាញ់និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានា ជាប្រចាំផងដែរ។លោកបន្តថា ដើម្បីកាន់តែទទួលបានផល និងចំណូលកើនច្រើនថែមទៀត ការដាំដុះត្រូវតែប្រើប្រាស់មធ្យោបាយកាន់តែទំនើបជាងនេះ។
លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺពេជ្រចិន្តា បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា សហគមន៍បានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួនបួនភូមិ ក្រោមការរៀបចំជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ។ដំបូងឡើយជីវភាពប្រជាជនទាំងបួនភូមិនេះមិនសូវធូរធារទេ។ លោកបន្ថែមថា ដោយផ្តើមចេញពីក្រុមសន្សំប្រាក់ទាំងប្រាំបីក្រុម នៅក្នុងភូមិទាំងបួន ក៏បានប្រែក្លាយទៅជាសហគមន៍កសិកម្ម។មកដល់ឆ្នាំ២០១៧ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃសហគមន៍ផ្ទាល់និងដោយមានទំនុកចិត្តលើការដឹកនាំរបស់សហគមន៍ បានជំរុញឳ្យបងប្អូន ចូលរួមក្នុងសហគមន៍កាន់តែច្រើនឡើង រហូតមកដល់បច្ចុប្បន្នមានសមាជិកចំនួនជាង២៩០នាក់ ដោយពង្រាយនៅតាមបណ្តាស្រុកនានា ដូចជាស្រុកកំរៀង សំពៅលូន និងខណ្ឌសាលាក្រៅ ខេត្តប៉ៃលិនន។តាមរយៈនៃការដាំដុះផលិតកម្មបន្លែសុវត្ថិភាពផ្ទះសំណាញ់ ដែលសហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ស្រុកភ្នំព្រឹក ។បច្ចុប្បន្នសហគមន៍មានផ្ទៃដីរួម សម្រាប់ការដាំដុះនិងផលិតកម្មដំណាំឈើហូបផ្លែ និងដាំបន្លែសុវត្ថិភាព ប្រមាណ ១ ០៥០ហិកតា៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)