ផ្កាយរណប Starlink របស់លោក Elon Musk ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅឥណ្ឌូនេស៊ី

ហ្ស៊ាការតា៖ អង្គភាពផ្កាយរណបនៃក្រុមហ៊ុន SpaceX របស់លោក Elon Musk បានទទួលការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើតាមរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ី ប្រាប់កាសែតរ៉យទ័រនៅថ្ងៃពុធទី៨ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ី លោក Budi Arie Setiadi បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ផ្កាយរណប Starlink នៃក្រុមហ៊ុន SpaceX បានបំពេញតាមតម្រូវការទាំងអស់ ដែលជាតម្រូវការសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Budi បាននិយាយថា ផ្កាយរណប Starlink នឹងសាកល្បងចែកចាយអ៊ីនធឺណិតនៅក្នុងទីក្រុង Nusantara ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងខែនេះ ហើយការបើកដំណើរការត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅពេលក្រោយ។

លោក Budi បន្តថា ការធ្វើតេស្តនេះនឹងមានរយៈពេលមួយសប្តាហ៍ ហើយផ្កាយរណប Starlink នឹងសហការជាមួយអ្នកផ្តល់សេវាអ៊ីនធឺណិតក្នុងស្រុក នៅពេលធ្វើប្រតិបត្តិការពេញលេញនៅឥណ្ឌូនេស៊ី ដើម្បីគោរពតាមបទប្បញ្ញត្តិរបស់ប្រទេស។ លោករដ្ឋមន្រ្តីបន្ថែមថា រដ្ឋាភិបាលឥណ្ឌូនេស៊ីរំពឹងថា ផ្កាយរណប Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់តំបន់ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ខាងភាគី Starlink មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ប៉ុន្តែផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដែលកាន់កាប់ប្រហែល ៦០ភាគរយនៃផ្កាយរណបប្រហែល ៧,៥០០គ្រឿងដែលធ្វើដំណើរជុំវិញផែនដី មានភាពលេចធ្លោខ្លាំងនៅក្នុងវិស័យអ៊ីនធឺណិតផ្កាយរណប។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសទីបីហើយនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកសេវាកម្មប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនពីផ្កាយរណប Starlink របស់លោក Elon Musk។ ម៉ាឡេស៊ីបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន SpaceX ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណប Starlink កាលពីឆ្នាំមុន ហើយក្រុមហ៊ុនមានមូលដ្ឋាននៅហ្វីលីពីនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX ក្នុងឆ្នាំ២០២២ផងដែរ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner