នាយករដ្ឋមន្រ្តីថៃប្តេជ្ញារឹតបន្តឹងការប្រើប្រាស់កញ្ឆានៅត្រឹមចុងឆ្នាំ២០២៤

បាងកក៖ មេដឹកនាំថៃនាពេលថ្មីៗនេះបានអះអាងថា ប្រទេសថៃនឹងចុះបញ្ជីរុក្ខជាតិកញ្ឆាជាគ្រឿងញៀនឡើងវិញនៅចុងឆ្នាំ២០២៤ ពោលពីរឆ្នាំបន្ទាប់ពីថៃក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលកាត់ផ្តាច់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្ញុំចង់ឱ្យក្រសួងសុខាភិបាលធ្វើវិសោធនកម្មច្បាប់ និងចុះបញ្ជីរុក្ខជាតិកញ្ឆាឡើងវិញជាគ្រឿងញៀន។ លោកបន្តថា ក្រសួងសុខាភិបាលគួរតែចេញច្បាប់មួយយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆា ក្នុងគោលបំណងបម្រើផ្នែកសុខភាព និងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។ លោក សេដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា គ្រឿងញៀនជាបញ្ហាដែលបំផ្លាញអនាគតប្រទេសជាតិ និងយុវជន… យើងត្រូវធ្វើការឲ្យលឿន រឹបអូសទ្រព្យសម្បត្តិឈ្មួញជួញដូរគ្រឿងញៀន និងពង្រីកការបង្ក្រាប។

រដ្ឋាភិបាលរបស់លោក សេដ្ឋា បាននិយាយថ្មីៗនេះថា ខ្លួនចង់ជំរុញច្បាប់រឹតបន្តឹងការប្រើប្រាស់កញ្ឆានៅត្រឹមចុងឆ្នាំនេះ ដែលនឹងហាមឃាត់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ហើយអនុញ្ញាតឱ្យប្រើប្រាស់តែសម្រាប់គោលបំណងវេជ្ជសាស្រ្ត និងសុខភាពប៉ុណ្ណោះ។ ការអត្ថាធិប្បាយបែបនេះរបស់លោក សេដ្ឋា ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធ ក្នុងការបង្ក្រាបគ្រឿងញៀន ជាកន្លែងដែលគាត់បានប្តេជ្ញាប្រកាន់ជំហរតឹងរ៉ឹងលើគ្រឿងញៀនខុសច្បាប់ និងបានបញ្ជាឱ្យអាជ្ញាធរផ្តល់លទ្ធផល និងបង្ហាញ “វឌ្ឍនភាពច្បាស់លាស់” ក្នុងរយៈពេល ៩០ថ្ងៃខាងមុខ។

ការកែប្រែនេះកើតឡើងបើទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យលក់រាយក្នុងស្រុកសម្រាប់ផលិផលកញ្ឆា ដោយហាង និងអាជីវកម្មរាប់ម៉ឺនកន្លែងបានរីកដូចផ្សិតនៅទូទាំងប្រទេសថៃ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយក្លាយជាឧស្សាហកម្មមួយ ត្រូវបានគេរំពឹងថា នឹងមានតម្លៃរហូតដល់ ១.២ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner