សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជន ជួយទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុន នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឲ្យវិស័យឯកជន ជួយដល់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុន នៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស បើកឱ្យដំណើរការជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋ ចង់បានវិស័យឯកជន ចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ ។
សម្តេចធិបតី បានបន្តថា ការចង់បានរបស់ខ្ញុំ គឺទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នា បង្កើតបរិយាកាសវិនិយោគល្អ ដើម្បីទាក់ទាញវិនិយោគិនមកកាន់កម្ពុជាបន្ថែមទៀត ។
សម្តេច ថា វិស័យឯកជន មិនត្រឹមតែជួយលើកសំណើរទេ តែជួយក្នុងការអនុវត្ត ជាជាងរដ្ឋដើរតួរជាឆ្មា វិស័យឯកជនជាកណ្តុរ ត្រូវដើរតួរជាឆ្មាទាំងអស់គ្នា ជួយចាប់កណ្តុរ កណ្តុរនោះគឺបរិស្ថានធុរកិច្ច ប្រកបដោយភាពទាក់ទាញ និងប្រកួតប្រជែងនៅកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងលើកទឹកចិត្ត ឱ្យវិស័យឯកជន ជួយដល់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស ចូលមកបណ្តាក់ទុននៅកម្ពុជា ។ សម្តេច ក៏បានលើកទឹកចិត្ត ឱ្យសមាគមអ្នកវិនិយោគ វិស័យឯកជននៅកម្ពុជា ធ្វើសកម្មភាពឱ្យកាន់តែសកម្ម ដោយរដ្ឋ នឹងជួយគាំទ្រពីក្រោយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ