សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើក​ដំណើការ​ជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា”

ភ្នំពេញ៖ សមាគមចំនួនប្រាំបួនដែលកំពុងបណ្ដាក់ទុនរក​ស៊ីនៅ​កម្ពុជាបានរួមគ្នាបង្កើតសម័្ពន្ធភាពមួយដែលមានឈ្មោះថា​​
““សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” និងត្រូវបានប្រកាស​ជា​ផ្លូវការនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគ​កម្ពុជាបានបញ្ជាក់ឱ្យដឹងថា ការបង្កើតឱ្យមាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ កម្ពុជា នាពេលនេះជាការផ្តួចផ្តើមរួមគ្នា​ដោយសមាគមចំនួន ៩ រួមមាន៖ ១. សមាគមស្បែកជើង​កម្ពុជា ២. សមាគម​ផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ៣. សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ៤. សមាគមពាណិជ្ជ​កម្មកម្ពុជាខេមឈីន ៥. សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិន​ស៊ីឈួន​ឆុងឈីងកម្ពុជា ៦. សមាគមសហគ្រិនចិនជាំង​ស៊ូនៅកម្ពុជា ៧. សមាគមពាណិជ្ជ​កម្មកម្ពុជា អានហួយ ៨. សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និង៩. សមាគមសហភាពអ្នកដឹកនាំ។

អ្នកឧកញ៉ា លី ឃុនថៃ បញ្ជាក់ថា “សម្រាប់ទិន្នន័យសរុប នៃសមាគមទាំងប្រាំបួន រួមគ្នាបានចូល រួមសម្រេច នូវការជំរុញ និង​ទាក់ទាញវិនិយោគិនបរទេសចូលមកបណ្តាក់ទុនក្នុង ប្រទេស​កម្ពុជា មានទំហំវិនិយោគសរុបជាង ១៥,២ ពាន់លានដុល្លារ​អាមេរិក និងបានផ្ដល់ឱកាសការងារ ជូនដល់កម្មករ និយោជិត ជាង ៦,៤ សែននាក់”។

អ្នកឧកញ៉ាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានថ្លែងបន្តថា “ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគ កម្ពុជា ក្នុងគោលបំណងរួមគ្នាជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញ វិនិយោគិនបរទេសមកពីគ្រប់​ប្រទេស ដើម្បីចូល​មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ជា អតិបរមា”។

អ្នកឧកញ៉ាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បន្តថា “ដោយសម្លឹងឃើញពីកត្តាសក្តានុពលដ៏​សម្បូរបែប នៃប្រទេស​កម្ពុជា ជាពិសេសក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព ក្រោមការដឹកនាំ ប្រកបដោយ​គតិប​ណ្ឌិត​ដ៏​ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាកំពូលស្ថាបនិក និងបិតា​សន្តិភាព បានជួយឲ្យប្រជាជនរស់នៅប្រកបដោយ ភាពសុខុដុម និងមានភាពរីកចម្រើនលើ គ្រប់វិស័យទាំងអស់។ កត្តាទាំងនេះជា ភាពអំណោយផលយ៉ាងខ្លាំងក្លា សម្រាប់ការ​វិនិយោគ និងការធ្វើពាណិជ្ជកម្មបច្ចុប្បន្ន ដែលបានជម្រុញទឹក​ចិត្តសមាគមយើងខ្ញុំ បន្តពង្រីកខ្លួនកាន់តែសកម្មឡើង ដោយ​រួមគ្នាកំណត់គោលដៅ ជំរុញ និងទាក់ទាញលំ​ហូរ​វិនិយោគិន​បរទេស ចូលមក ប្រទេស​កម្ពុជាបានកាន់តែច្រើនបន្ថែមទៀត” ៕
អត្ថបទ៖វណ្ណ
រូបភាព៖វេង លីមហួត,សួង ពិសិដ្ឋ,ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner