សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដើរទាក់ម៉ូយនេះ គឺជាទិសដៅ និងការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧

(ភ្នំពេញ)៖ ការដើរទាក់ម៉ូយ គឺជាទិសដៅមុតស្រួច និងការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទ្រឹស្តី នឹងមិនមានអ្វី ប្រសិនជាមិនមានការអនុវត្ត ខណៈ ៨ ខែមកនេះ រាជរដ្ឋាភិបាល មិនមែនមានតែទ្រឹស្តីទេ បានអនុវត្តន៍ជាក់ស្តែង ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៨ខែ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ នូវគោលដៅសំខាន់ៗជាច្រើន ក្នុងនោះលើកកម្ពស់ នូវធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្សជំនាញវិជ្ជាជីវៈ ដែលមកដល់ពេលនេះមានយុវជនរហូតដល់ជាង៤ម៉ឺននាក់ហើយដែលបានកំពុងបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តាក្រុមហ៊ុនឯកជននៅកម្ពុជា។

សម្តេចធិបតី ក៏បានថ្លែងពីសកម្មភាពផ្សេងៗរបស់សម្ដេច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំរើដល់សេដ្ឋកិច្ចជាតិ ។

សម្តេចក៏បានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគ(ទាក់ម៉ូយ)កាន់តែច្រើនមកកាន់កម្ពុជា ។ ការដើរទាក់ម៉ូយនេះ គឺជាទិសដៅមុតស្រួច និងការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដើម្បីឱ្យប្រទេសយើង ឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាឆ្នាំ២០៥០» កាតព្វកិច្ច និងភារកិច្ច ដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺ៖ ១-ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម, ២-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ៣-គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធានាក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានប្រសិទ្ធភាពច្បាស់លាស់ និងមានតម្លាភាព, ៤-ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន,​៥-វិនិយោគទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និង ៦-វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ (ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងពីការបន្តគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ រួមមាន៖ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពានអាកាស ទឹក និង ភ្លើង និងបន្តជំរុញការអភិវឌ្ឍ «គម្រោងព្រែកជីកហ្វូណន-តេជោ» ឱ្យសម្រេចបានជោគជ័យ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner