សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺនដុល្លារ

កំពង់ចាម ៖ក្នុងពិធីអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធី​ប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា អាណត្តិទី៥ នៅ​សាលាខេត្កកំពង់ចាមកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណៈ​កម្មា​ធិការ​សាខាបានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់ទ្រទ្រង់ប្រើប្រាស់លើការងារមនុស្សធម៌ ។

ក្នុងពិធីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយក​រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត​កំពង់​ចាមអាណត្តិទី៥ និងលោកជំទាវ ពុំ ចន្ទីនី អគ្គ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជាអញ្ជើញជាអធិបតី ,ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាមបាន​​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជាដែលបានផ្ដល់នូវ​ទំនុកចិត្ត ក៏ដូចជាបានផ្ដល់នូវឱកាសឱ្យរូបឯកឧត្តមបាន​បំពេញ​បេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូន​ប្រជាជន និងសង្គមជាតិជាពិសេស ក្នុងខេត្តកំពង់ចាម ។

ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជាតែងតែសហការ​យ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល។កាកបាទក្រហមកម្ពុជា បានបំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយ​ដល់គោលនយោបាយគាំពារ​សង្គមរបស់រាជរដ្ឋាភិបាល ចូលរួមកាត់បន្ថយអត្រាក្រីក្រ លើកកម្ពស់សុខមាលភាព និងកម្រិតជីវភាព និងដោះស្រាយទាន់​ពេលចំពោះបញ្ហាជាយ​ថាហេតុនានា។
ក្នុងឱកាសនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលថវិកាមូលនិធិជាង ៦៥ ម៉ឺនដុល្លារអាមេរិកពី​សប្បុរស​ជន​នានា សម្រាប់​ទ្រទ្រង់​ប្រើប្រាស់លើការងារ​មនុស្សធម៌ ៕
ដោយ៖លី ពៅ

ads banner