ចិនបង្ហាញកប៉ាល់អគ្គិសនីធំបំផុត ធ្វើដំណើរពីទន្លេទៅសមុទ្រ

ក្រុមហ៊ុន COSCO Shipping ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានបង្ហាញកប៉ាល់ដឹកកុងតឺន័រ ដើរដោយថាមពលអគ្គិសនីដែលកំពុងធ្វើដំណើរពីទន្លេទៅកាន់សមុទ្រ។ កប៉ាល់អគ្គិសនី ធំបំផុតមិនធ្លាប់មានក្នុងពិភពលោកនេះ មានឈ្មោះថា Green Water 01។ នេះបើតាមការចេញផ្សាយរបស់ Technology Innovation។

ប្រភពដដែលបានឲ្យដឹងក្នុងសប្តាហ៍នេះថា កប៉ាល់នេះមានទម្ងន់ជាង ១ម៉ឺនតោន មានប្រវែង ជិត១២០ម៉ែត្រ, ទទឹងជាង ២៣ម៉ែត្រ និងជម្រៅទឹក ៩ម៉ែត្រ ហើយមានល្បឿនជាអតិបរមា ជាង១៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ កប៉ាល់នេះប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដែលមានសមត្ថភាពផ្ទុកថ្មសាក លើសពី ៥ម៉ឺនគីឡូវ៉ាត់ម៉ោង។ ប្រសិនបើត្រូវធ្វើដំណើរផ្លូវឆ្ងាយ គេអាចបន្ថែមថ្មីរហូតដល់២០ឈុតទៀតដើម្បីអាចឲ្យកប៉ាល់នេះធ្វើដំណើការបានកាន់តែឆ្ងាយ។

មេបញ្ជាការកប៉ាល់ លោក Wang Jun បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CCTV ថា នៅពេលដែល Green Water 01 ត្រូវបានបំពាក់ដោយអាគុយសាកថ្ម ចំនួន ២៤ឈុត ដែលស្មើនឹងថាមពល៨ម៉ឺនគីឡូវ៉ាត់ម៉ោង។ នេះគឺស្មើនឹងបរិមាណថាមពលដែលផលិតដោយការដុតឥន្ធនៈ 15 តោននៅក្នុងកប៉ាល់កុងតឺន័រធម្មតា។

COSCO Shipping ឲ្យដឹងថា Green Water 01 អាចសន្សំសំចៃប្រេងបាន ប្រមាណ ៣៩០០លីត្រ ក្នុងរយៈចំងាយជាង ១៦០គីឡូម៉ែត្រ និងបានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត បានជាង ១២តោន។

បន្ទាប់ពីការបើកដំណើរការដោយជោគជ័យ កប៉ាល់អគ្គិសនី Green Water 01 បានចាប់ផ្តើមសេវាកម្ម ប្រចាំសប្តាហ៍ រវាងទីក្រុងសៀងហៃ និងក្រុងណានជីង៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner