តាក់ស៊ីហោះរបស់ចិន ទម្ងន់ ២តោនចេញទៅបរទេសលើកដំបូង
តាក់ស៊ីហោះប្រភេទ eVTOL ទម្ងន់ ២តោន ផលិតដោយក្រុមហ៊ុនចិន AutoFlight ម៉ូដែល CarryAll បានទទួលជោគជ័យ ក្នុងការហោះចេញទៅបរទេស ជាលើកដំបូង ដោយបានចុះចត នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម មុនគេ។
CarryAll ទទួលបានវិញ្ញាបនប័ត្រ ប្រភេទ (TC) ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន ហៅកាត់ CAAC កាលពីខែមីនា រួមមានទាំងការអនុញ្ញាតឲ្យហោះបានចម្ងាយ ជាង១០០០គីឡូម៉ែត្រ ហើយក៏ជាការទទួលសម្គាល់ដំបូងបង្អស់ មិនធ្លាប់ ក្នុងពិភពលោក សម្រាប់តាក់ស៊ីប្រភេទ eVTOL ដែលមានទម្ងន់ លើសពីមួយតោន។
ក្រុមហ៊ុន AutoFlight ធ្លាប់បានអះអាងថា CarryAll ជាមធ្យោបាយដឹកជញ្ជូន ទំនិញចាំបាច់ នៅក្នុងតំបន់ភ្នំ នៃប្រទេសចិន។ ការហោះហើរប្រកបដោយជោគជ័យ នៅប្រទេសអារ៉ាប់ កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីសុវត្ថិភាព និងភាពជឿជាក់ នៃបច្ចេកវិទ្យា eVTOL បំពាក់ដោយប្រព័ន្ធជំរុញអគ្គិសនីពេញលេញ នៅក្នុងបរិយាកាស វាលខ្សាច់ក្តៅ។
តំបន់មជ្ឈិមបូព៌ាគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន AutoFlight ។ ក្រុមហ៊ុនបានឈានដល់កិច្ចសហប្រតិបត្តិការបញ្ជាទិញតាក់ស៊ីហោះ ដឹកទំនិញ ប្រភេទនេះ ជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ដែលជាការពង្រីកទីផ្សារ នៅក្នុងតំបន់។ ក្រុមហ៊ុនមានមូលដ្ឋាននៅសៀងហៃមួយនេះ ធ្លាប់បានប្រាប់ថា នឹងចែកចាយ CarryAll ចំនួន ២០០គ្រឿង ទាំងក្នុងនិងក្រៅប្រទេស ជាជំហានដំបូង៕
ប្រភពពី ecns.cn ប្រែសម្រួល៖ សារ៉ាត