ប្រែក្លាយខេត្តកែបទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅប្រែក្លាយខេត្តកែបឱ្យ ទៅជាទីក្រុងឆ្នេរសមុទ្រដែលមានភាពទាក់ទាញបំផុតនៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ទូរទស្សន៍អប្សរាថា ភាពល្អឯកដែលអាចផ្លាស់ប្តូរមុខមាត់របស់ខេត្តកែបនាពេលអនាគត គឺកែបអាចផ្តល់អារម្មណ៍លំហែដ៏ស្ងប់ស្ងាត់បែបធម្មជាតិ ដែលខុសពីខេត្តព្រះសីហនុដែលនឹងឆ្ពោះទៅរកឧស្សាហកម្ម និង ខេត្តកោះកុងដែលនឹងផ្តោតលើអេកូទេសចរណ៍ និងជលផលសមុទ្រ។

ប៉ុន្តែ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រាប់ថា ខេត្តកែបចាំបាច់ត្រូវតែពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជូនប្រជាជន និងភ្ញៀវទេសចរ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដើម្បីសម្រួលការធ្វើដំណើរ និងជំរុញការដើរកំសាន្តទៅតំបន់ទេសចរណ៍ផ្សេងនៅក្នុងខេត្ត។

ខេត្តកែប គឺជាខេត្ត តូចជាង គេដែល ស្ថិត នៅ ភាគ ខាងនិរតី ប្រទេស កម្ពុជា។ ហ៊ុព័ន្ធដោយសមុទ្រនៅចំពីមុខ និងជួរភ្នំនៅពីក្រោយ ខេត្តនេះ មានទីតាំងគោលដៅទេសចរណ៍ និងរមណីយដ្ឋាន ដ៏គួរឲ្យ ទាក់ ទាញ ចំនួន៤២កន្លែង ដូចជា ក្រុមកោះ នភ្នំ  ឧទ្យាន ព្រៃ កោងកាង និងមានផ្កាថ្ម ជាដើម។ កាលពីឆ្នាំ ២០២៣ ភ្ញៀវទេសចរទាំង ក្នុង និង ក្រៅ ស្រុកដែល បាន មក កម្សាន្តនៅខេត្តកែប សរុបចំនួន១,៣លាននាក់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ទូរទស្សន៍អប្សរាថា រដ្ឋបាលខេត្តកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសម្រេចគោលដៅនេះ។ ក្នុងនោះមានការកែច្នៃឆ្នេរខ្សាច់ប្រវែង២ ៧០០ម៉ែត្រដែលទើបនឹងបញ្ចប់ ហើយនឹងអភិវឌ្ឍន៍ តំបន់ ទេសចរណ៍ ចំនួនបួនបន្ថែមទៀតក្នុងនោះរួមមាន តំបន់ទីក្រុងកែបចាស់ តំបន់ឆ្នេរអង្កោល តំបន់ប្រជុំកោះ ដែលសម្បូរដោយជីវៈចម្រុះ គ្រោងនឹងបង្កើតជាឧទ្យានបាតសមុទ្រ និងតំបន់ភ្នំវល្លិ៍។

ក្រៅពីការអភិវឌ្ឍទាំងនេះ ឯកឧត្តម សោម ពិសិដ្ឋ ប្រាប់ថា បញ្ហាប្រឈមមួយទៀតរបស់ខេត្តកែបគឺ ការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់និងស្រោចស្រពនៅរដូវប្រាំង ជាពិសេសពេលរាំងស្ងួត ដែលតម្រូវឲ្យស្តារអាងស្តុកទឹក និងតបណ្តាញផ្គត់ផ្គង់ទឹកពីខេត្តជិតខាង។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និយាយថាគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល។ ប៉ុន្តែ ទន្ទឹមនឹងនោះលោកថាខេត្តកែបនៅតែមានចំណុចខ្វះខាតមួយចំនួនដែលត្រូវដោះស្រាយបន្ទាន់ដែរដូចជា ការខ្វះខាតចំណតយានយន្ត និងបញ្ហាសណ្តាប់ធ្នាប់នានាក្នុងខេត្តកែប ពិសេសការលក់ឡើងថ្លៃរបស់អាជីករមួយចំនួនក្នុងអំឡុងពេលបុណ្យទានដែលអាចពិបាកឲ្យភ្ញៀវទេសចរចាត់ថ្នាក់ជាខេត្តដែលទាក់ទាញបំផុត៕
ដោយៈសែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner