កម្ពុជា និង ថៃ សហការ ភ្ជាប់ សេវា រថភ្លើង ដឹក អ្នកដំណើរ ឆ្លងកាត់ ព្រំដែន
ភ្នំពេញ៖ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន កម្ពុជា និងថៃ កំពុងបោះជំហានទៅរកកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលអនុញ្ញាតឱ្យរថភ្លើងដឹកអ្នកដំណើរកម្ពុជា តភ្ជាប់ដោយផ្ទាល់ជាមួយរថភ្លើងថៃ នៅស្ថានីយបានខ្លុងឡឹក ស្ថិតនៅជាប់ផ្សាររុងក្លឿរបស់ថៃ និងច្រកឆ្លងដែនក្រុងប៉ោយប៉ែតរបស់ខ្មែរ។
លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានប្រាប់ទូរទស្សន៍អប្សរាក្នុងបទសម្ភាសផ្តាច់មុខនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនរបស់លោក និងប្រតិបត្តិករផ្លូវដែករដ្ឋរបស់ថៃ State Railway of Thailand ឬ SRT នឹងបញ្ចប់ការចរចារក្នុងពេលមួយឬពីសប្តាហ៍ខាងមុខ ដែលនឹងបើកទ្វារថ្មីសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ក្រោមកិច្ចសហការនេះ លោក ចន កឺរី ប្រាប់ថា រថភ្លើងរបស់ខ្មែរនឹងអាចចូលទៅដល់ស្ថានីយរថភ្លើងរបស់ថៃ ដោយអ្នកដំណើរមិនបាច់ដើរឆ្លងកាត់តំបន់សដែលចែកព្រំដែននៃប្រទេសទាំងពីរនោះទេ ពោលគឺ ពួកគេអាចបន្តដំណើរតាមរថភ្លើងថៃនៅក្នុងស្ថានីយតែមួយ។ លើសពីនេះ លោកកំពុងចរចារដើម្បីឲ្យការបំពេញបែបបទឆ្លងដែននៅខាងប៉ោយប៉ែតអាចធ្វើបាននៅលើរថភ្លើងតែម្តង។
គួររំលឹកថា កាលពីមុនវិបត្តិកូវិដ១៩ កម្ពុជាមានសេវារថភ្លើងដឹកអ្នកដំណើរទៅដល់ព្រំដែនប៉ោយប៉ែត ប៉ុន្តែត្រូវចូលចតនៅស្ថានីយខាងកម្ពុជាដែលមានចម្ងាយប្រហែល៧៥០ម៉ែត្រពីព្រំប្រទល់ថៃ។ សេវាកម្មនេះត្រូវបានផ្អាកចាប់តាំងពីវិបត្តិកូវីដមកដល់ពេលបច្ចុប្បន្ន។ ការធ្វើដំណើរតាមរថភ្លើងឆ្លងប្រទេសនេះទៀតសោត នៅតែមិនទាន់ពេញនិយមក្នុងចំណោមប្រជាជនខ្មែរ មួយផ្នែកធំត្រូវការចាយពេលធ្វើដំណើរយូរ និងផលលំបាកក្នុងការឆ្លងដែន។
យ៉ាងក៏ដោយ លោក ចន កឺរី នៃក្រុមហ៊ុន Royal Railway Cambodia ជឿថា ការភ្ជាប់រថភ្លើងរវាងខ្មែរ និងថៃ នឹងជួយជំរុញការធ្វើដំណើរតាមផ្លូវដែក ហើយក៏អាចទាក់ទាញភ្ញៀវទេសចរពីប្រទេសថៃចូលមកកម្ពុជាផងដែរ។ លោកថា ក្រុមហ៊ុនរបស់លោកគ្រោងភ្ជាប់បណ្តាញរថភ្លើងនេះឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ដោយប្រើរថភ្លើងមួយទឹកដែលទើបទិញពីប្រទេសជប៉ុន។
រថភ្លើងនេះអាចបើកក្នុងល្បឿនរហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែ សម្រាប់ស្ថានភាពផ្លូវដែកនៅកម្ពុជា លោកបញ្ជាក់ថា លឿនបំផុតដែលអាចបើកបានគឺ ៩០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ភាគខាងត្បូងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។ ដោយឡែក សម្រាប់ភាគខាងជើងពីភ្នំពេញ ទៅប៉ោយប៉ែត លោក ចន ថាអាចរត់យឺតជាងនេះ។ រដ្ឋាភិបាលថ្មីៗនេះ បានជំរុញឲ្យក្រសួងសាធារណការពន្លឿនការធ្វើទំនើបកម្មផ្លូវភាគខាងជើងនេះឲ្យអាចរត់បានយ៉ាងហោច៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការកែលម្អនេះអាចនឹងបញ្ចប់ទៅនៅពេលណា។
យ៉ាងណាក៏ដោយ លោក ចន កឺរី ថា ក្រុមហ៊ុន Royal Railway Cambodia នឹងបន្តតាមផែនការបើកសេវាកម្មរថភ្លើងពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយមិនរង់ចាំដល់ការលម្អផ្លូវដែករួចនោះទេ៕
ដោយៈទួន សុផល