ប្រេស៊ីល៖ មនុស្សស្លាប់ដោយសារទឹកជំនន់កើនដល់១០៧នាក់

ប្រាស៊ីលីយ៉ា៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ នៅប្រទេសប្រេស៊ីល បានកើនដល់១០៧នាក់ រងរបួស រាប់រយនាក់ ព្រមទាំង បាត់ខ្លួន១៣៦នាក់ទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ នេះបើតាមអាជ្ញាធរ។

ទឹកជំនន់បានវាយប្រហាររដ្ឋ Rio Grande do Sul ភាគខាងត្បូង កាលពីប្រមាណ ១សប្តាហ៍មុន ជន់លិចក្រុងប្រហែល ៤០០ កន្លែង។ មនុស្សជាង១៦ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ក្នុងក្រុងដ៏សំខាន់ Porto Alegre ដែលមានមនុស្សរស់នៅ ១.៤លាននាក់។ មនុស្សជាច្រើននៅក្នុងតំបន់មិនអាចទទួលបានទឹកទទួលទាន ឬ អគ្គិសនីប្រើប្រាស់ ឬ សូម្បីតែមធ្យោបាយ ដើម្បីហៅរកជំនួយ ក៏ពិបាក ដោយសារសេវាទូរស័ព្ទ និងអ៊ីនធឺណិត យ៉ាប់យ៉ឺនខ្លាំង។ ផ្ទះជាង ៦ម៉ឺនខ្នង និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មនានា ត្រូវបានបំផ្លិចបំផ្លាញ។

រដ្ឋាភិបាលប្រកាសថា ត្រូវការថវិកា ១០ពាន់លានដុល្លារអាមេរិក ដើម្បីស្តារតំបន់រងផលប៉ះពាល់ ដោយសារទឹកជំនន់ដ៏អាក្រក់ ពុំធ្លាប់មាន ជាប្រវត្ថិសាស្ត្រ នៅប្រទេសប្រេស៊ីល។

អ្នកនាំពាក្យកម្លាំងស៊ីវិលប្រេស៊ីលបានប្រាប់ថា ភ្លៀងអាចនឹងបន្តធ្លាក់ នៅថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។ លោកស្រី Sabrina Ribas បានប្រាប់ដែរថា កិច្ចការចម្បងគឺការសង្គោះ ខណៈដែលអាជ្ញាធរកំពុងធ្វើការខ្លាំង លើការបញ្ជូនជំនួយមនុស្សធម៌ ដល់ជនរងគ្រោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner