កូនខ្មែរបង្កើតបង្គន់បណ្តែតទឹកដោយប្រើ ស្រកីដូង

ភ្នំពេញ៖ បន្ទាប់ ពី ធ្វើ ការ ស្រាវជ្រាវ អស់ រយៈពេលជាច្រើនឆ្នាំ កញ្ញា វន ថារី បាន សម្រេច បង្កើត បង្គន់ បណ្តែត ទឹក ដោយ ប្រើ ស្រកី ដូង ដំបូង គេ នៅ កម្ពុជា។ បង្គន់ នេះ សំដៅ ការពារ ទាំង ផ្នែក បរិស្ថាន និង ដើម្បី ជួយ ធ្វើ ឲ្យ កាន់ តែ ប្រសើរឡើង ថែម ទៀត នូវ ផ្នែក អនាម័យ នៃសហគម ន៍បណ្តែត ទឹក ។

កញ្ញា ថារី ដែលបច្ចុប្បន្ន ជា នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន SUDrain បញ្ជាក់ថា បង្គន់ ដែល បំពាក់ ដោយ ស្រកីដូង នឹងជួយច្រោះ សារធាតុ រាវ តាម បង្គន់ ឲ្យ ក្លាយ ជា ទឹក ស្អាត ឡើងវិញ បាន។

«ស្រកីដូង ដើរតួនាទីសំខាន់ជាតម្រងចម្រោះធម្មជាតិរបស់ពួកយើង ហើយវាចេញពីការស្រាវជ្រាវដែល យើងរកឃើញថា ស្រកីដូង មានសារធាតុតេលុយលស់ និងសារធាតុតៃអ៊ិន ដែលនៅក្នុងសារធាតុទាំងនោះជួយឱ្យមេរោគមួយចំនួនដែលមានប្រយោជន៍ទៅទុំប៉ះវាហើយ លូតលាស់ទៅប្រឆាំងនឹងមេរោគដែលអត់ប្រយោជន៍ ដែលជាធាតុកខ្វក់នៅក្នុងទឹក។ ចឹងវាជួយឱ្យទឹកស្អុយ ស្អាតឡើងវិញ»។

បង្គន់បណ្តែតទឹកដោយស្រកីដូងគឺជា ប្រភេទ បង្គន់ រួម ក្នុង សហគមន៍។ បង្គន់នេះប្រើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយធ្វើ ឲ្យ ទឹកកខ្វក់ទាំង នេះ ឆ្លង កាត់ បន្ទប់ ចម្រោះដែល ពាស ដោយ ស្រកីដូង ចំនួន បួន ថត។ សារធាតុ ស្រកីដូង នឹង ច្រោះធាតុ កខ្វក់ និង មេរោគ រួមទាំងក្លិន ស្អុយ ផងដែរ។ ក្រោមការគាំទ្រពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល PDRD-Kandal និងអង្គការ WaterAid Cambodia បង្គន់បណ្តែតទឹកនេះកំពុងដាក់ឱ្យប្រើប្រាស់ ជា លើក ដំបូងដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋជិត១០០ ផ្ទះ នៅសហគមន៍បណ្តែតទឹក ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

លោកស្រី កែន ឃឹម មេឃុំប្រាសាទ បានប្រាប់ទូរទស្សន៍អប្សរាថា ក្រោយដាក់ឱ្យប្រើប្រាស់បង្គន់នេះ ស្ថានភាពទឹកក្នុងសហគមន៍ក៏ប្រែល្អជាងមុន។ ចំណែកជំងឺរាគរូសក្នុងសហគមន៍ ក៏កាត់បន្ថយផងដែរ។  

តាមការរកឃើញរបស់អង្គការ យូនីសេហ្វ(UNICEF )និងអង្គការសុខភាពពិភពលោកកុមារកម្ពុជាអាយុក្រោម៥ ឆ្នាំយ៉ាងហោចណាស់២០០ នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយកង្វះអនាម័យទឹកជាពិសេសកុមាររស់នៅតាមសហគមន៍បណ្តែតទឹក។ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់ទទួលស្គាល់ថា ប្រជាពលរដ្ឋនៅតាមសហគមន៍បណ្តែតទឹក មិនទាន់មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រកបដោយជោគជ័យ បង្គន់បណ្តែត ទឹកនេះ ក៏កំពុងដំឡើងនៅតាមសាលារៀនបណ្តែតទឹកមួយចំនួននៅក្នុងតំបន់បឹងទន្លេសាបផងដែរ។
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានបង្គន់ប្រើប្រាស់ជិត ២,៦លានបង្គន់ ហើយរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រឹមឆ្នាំ២០២៥។ នេះ បើ ផ្អែកតាមរបាយការណ៍ ពី ក្រសួងអភិវឌ្ឍន៍៕
ដោយៈឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner