គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៩រយនាក់ និងចេញបណ្ណឱ្យអ្នកសារព័ត៌មានជាង២រយនាក់ក្នុងការបោះឆ្នោតជ្រើសរើស“ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដោយក្នុងនេះ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៨៩៧ រូប ក្នុងនោះស្ត្រីសរុបចំនួន ៥០២ រូប មកពី ៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដោយឡែក រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នក- សង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយឡើយទេ លើកលែងតែភ្ញៀវពិសេស សរុបចំនួន ២រូប មកពី ២ស្ថាប័ន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាប្រធាន ក្រុមអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌហៅកាត់ថាក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤នេះឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា៖បើគិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ២២៦នាក់ (ស្រី ១៦នាក់) រួមមាន៖ អ្នកសារព័ត៌មានជាតិ ចំនួន ២២១នាក់ ស្រី ១៦នាក់ មកពី ២៣អង្គភាព ,អ្នកសារព័ត៌មានអន្តរជាតិ ចំនួន ៥នាក់ មកពី ៣អង្គភាព។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា”មកដល់ពេលនេះយើងបានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត។ យើងក៏បានបញ្ចប់ផងដែរ នូវការចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារ ជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ”។

ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងុំថា៖បន្ទាប់ពីបញ្ចប់ការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោត- ដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ រួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងកែតម្រូវទិន្នន័យឡើងវិញ តាមសេចក្តី សម្រេចស្ថាពររបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និង គ.ជ.ប លើបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង មុននឹងរៀបចំដាក់ជូន គ.ជ.ប ពិនិត្យសម្រេចផ្តល់ សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថាសម្រាប់បញ្ជីបោះឆ្នោតផ្លូវការ ត្រូវបានផ្តល់សុពលភាព និងប្រកាសផ្សាយជូនជាសាធារណៈដោយ គ.ជ.ប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ និងត្រូវរក្សាទុកដោយសុវត្ថិភាពបំផុត នៅនាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និង បច្ចេកទេស ព្រមទាំងបានថតចម្លងបន្ថែមចំនួន ៥ ច្បាប់ទៀត តាមលំដាប់លេខកូដនៃ ការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ និងវេចខ្ចប់ដោយឡែកពីគ្នាតាមរាជធានី ខេត្តនីមួយៗ។

អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួនសរុប ១១.៦២២រូប ក្នុងនោះស្ត្រីមានចំនួន ២.៥៧៤រូប និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។ បញ្ជីបោះឆ្នោត ផ្លូវការត្រូវបានបែងចែកទៅ គធ.ខប ចំនួន ៣ច្បាប់ និងគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ចំនួន ២ច្បាប់។

ឯកឧត្តមបានថ្លែងផងថា៖ដោយឡែកចំបោះការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង មុខតំណែង ចាប់ផ្តើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកបោះឆ្នោតក៏ អាចចូលទៅកាន់គេហទំព័រ គ.ជ.ប voterlist.nec.gov.kh និង App “NEC KH” ដើម្បីពិនិត្យ មើលឈ្មោះរបស់ខ្លួនផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner