កម្ពុជា និងអង្គការអន្តរជាតិខាងការងារ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ។

លោកស្រី Chihoko Asada-Miyakawa បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការនេះ បន្ថែមទៀត។

លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែង នូវការអបអរសាទរចំពោះការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងនូវការគាំទ្រ ចំពោះប្រទេសកម្ពុជា ក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ ។

លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ នូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រ ដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។

លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំ នូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បានសម្តែងការគាំទ្រ ចំពោះកម្មវិធី ដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេស ការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាព ឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គម ជាដើម។

ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងនូវសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាកាសការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner