រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ឹម គឹមលាង អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប ។
ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធន៍ប្រតិបត្តិការរបស់ក្រុមបណ្តុំមុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។
ផ្អែកតាមបទពិសោធ និងស្ថានភាពជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ពីមួយហិកតាសិន ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ ៕
ប្រភព ៖ ក្រសួងកសិកម្ម