លោក បេនចាមីន៖ អ៊ីស្រាអែលនឹងប្រយុទ្ធតែម្នាក់ឯង បន្ទាប់ពីអាមេរិកព្រមានឈប់បញ្ជូនសព្វាវុធ

ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើយើងត្រូវតែតស៊ូតែម្នាក់ឯង នោះយើងនឹងតស៊ូប្រយុទ្ធតែម្នាក់ឯង។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយយ៉ាងដូច្នេះថា យើងនឹងរួបរួមគ្នាដើម្បីកម្ចាត់សត្រូវរបស់យើង និងអ្នកដែលចង់បំផ្លាញយើង… ជាមួយនឹងជំនួយពីព្រះ… យើងនឹងឈ្នះជាមួយគ្នា។

ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលបន្តការវាយលុកទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់កំពុងជ្រកកោន។

គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ក្នុងនោះ ៣៦នាក់ មន្រ្តីអ៊ីស្រាអែលនិយាយថា ត្រូវបានសម្លាប់។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤,៩០៤នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner