ឯកឧត្តម ហ៊ឺ បាវី ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាជម្រើសប្រព័ន្ធដឹកជញ្ជូនតាម ផ្លូវទឹក ថ្មី ដែលធ្វើឱ្យការដឹកទំនិញ មានភាពងាយស្រួល និងតម្លៃសមរម្យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះ ការអនុវត្តគម្រោងព្រែកជីហ្វូណនតេជោ ដែលជាព្រែកជីក ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា នៃគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា កម្ពុជា និងត្រូវបានបន្ត និងជំរុញការអនុវត្ត ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកនេះ កំពង់ផែស្វយ័តភ្នំពេញ នឹងទទួលបានជម្រើសប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញរបស់អតិថិជនតាមរយៈ កំពង់ផែស្វយ័តភ្នំពេញ កាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងតម្លៃសមរម្យ ។

ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ ។

ឯកឧត្តមប្រធានមហាសន្និបាត បានបន្ថែមថា តាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព មានភាពរហ័ស និងតម្លៃប្រកួតប្រជែង បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុងធ្វើប្រតិបត្តិការ នៅចំណតផែចម្បងរបស់ខ្លួនចំនួន ៦ទីតាំង នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា រួមមាន៖ ចំណតផែពហុបំណង TS៣, ចំណតផែអ្នកដំណើរ និងទេសចរ TS១, ចំណតផែកុងតឺន័រ LM១៧ និងចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ ដែលកំពង់ផែស្វយ័តភ្នំពេញ ទើបតែសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

បន្ថែមពីលើនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានបង្កើតឃ្លាំងសន្និធិគយបណ្តោះអាសន្ន ដែលមានទំហំ ២៤,៤ ម៉ែត្រ x ៦០ ម៉ែត្រ ស្ថិតនៅចំណតផែកុងតឺន័រ LM១៧ ដើម្បីផ្តល់សេវាកម្មស្តុកទំនិញ ទាំងសម្រាប់នាំចេញ និងនាំចូល ជូនដល់អតិថិជន។ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្តអភិវឌ្ឍខ្លួន តាមរយៈការពង្រីក និងបង្ខិតសេវាកម្មទៅជិតអ្នកប្រើប្រាស់ ដោយគ្រោងនឹងបង្កើតចំណតផែ នៅតាមបណ្តាទីតាំងយុទ្ធសាស្រ្តផ្សេងទៀត ដើម្បីភ្ជាប់ទំនាក់ទំនង រវាងដៃគូពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស និងជំរុញការនាំចេញទំនិញរបស់កម្ពុជា ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ កំពង់ផែស្វយ័តភ្នំពេញ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner