សិង្ហបុរីផ្អាកហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 បន្ទាប់ពីមានករណីធ្លាក់យន្តហោះនេះ
សិង្ហបុរី៖ ក្រសួងការពារជាតិសិង្ហបុរីប្រកាសផ្អាកការហ្វឹកហ្វឺនបញ្ជាយន្តហោះចម្បាំង F-16 ទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះនេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ នៅថ្ងៃពុធសប្តាហ៍នេះ។
យន្តហោះចម្បាំង F-16 មួយគ្រឿង នៅថ្ងៃពុធនេះ បានធ្លាក់នៅមូលដ្ឋានទ័ព Tengah ដែលនេះគឺជាករណីកម្របំផុតមិនធ្លាប់មាន ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។
ជាសំណាងល្អ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនធម្មតា។
ក្រោយកើតមានហេតុការណ៍នេះ កងកម្លាំងអាកាសសិង្ហបុរី (RSAF) បានប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការហ្វឹកហ្វឺនដែនអាកាសរបស់យន្តហោះ F-16 ខណៈការផ្អាកនេះ គឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូតទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ បើតាមសម្តីរបស់អាកាសយានិកបញ្ជាយន្តហោះ រូបគេ បានជួបបញ្ហាពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងការហោះហើរ អំឡុងពេលហោះឡើងចេញពីមូលដ្ឋាន Tengah ដើម្បីធ្វើការហ្វឹកហ្វឺនជាប្រចាំ។
យន្តហោះចម្បាំង F-16 នៅសិង្ហបុរី បានដាក់ដំណើរការតាំងតែពីឆ្នាំ១៩៩៨មកម៉្លេះ ហើយ កាលពីពេលថ្មីៗកន្លងទៅ សិង្ហបុរីមានគម្រោងធ្វើទំនើបកម្មយន្តហោះទាំងនោះ ដោយនឹងដាក់ឲ្យពួកវាចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០៣០។ សិង្ហបុរីនឹងជំនួសយន្តហោះ F-16 ដោយការទិញយន្តហោះចម្បាំង F-35 មកប្រើវិញ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា