ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនពាណិជ្ជកម្មខ្នាតធំ
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបន្ថែមត្រីបាឡែនហ្វីន (ត្រីបាឡែនខ្នាតធំ) ទៅក្នុងបញ្ជីប្រភេទត្រីបាឡែនពាណិជ្ជកម្មរបស់ខ្លួន ខណៈកន្លងមក ការនេសាទត្រីបាឡែនតូចៗមានចំនួន៣ប្រភេទប៉ុណ្ណោះ។
ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែនពាណិជ្ជកម្មនៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅឆ្នាំ២០១៩ បន្ទាប់ពីការដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) កាលពី ៥ឆ្នាំមុន។
លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលជប៉ុននឹងបន្តលើកកម្ពស់ការនេសាទត្រីបាឡែន និងចាត់វិធានការការទូតចាំបាច់។
លោក Hayashi បន្តថា ត្រីបាឡែនគឺជាធនធានអាហារដ៏សំខាន់ ហើយគួរតែត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការទទួលមរតកវប្បធម៌អាហារប្រពៃណីនៅក្នុងប្រទេសជប៉ុន។
ទីភ្នាក់ងារជលផលជប៉ុននិយាយថា ប្រទេសជប៉ុនចាប់បានត្រីបាឡែនប្រភេទ minke សរុបចំនួន ២៩៤ក្បាល ក្នុងនោះក៏រួមមានត្រីបាឡែន Bryde និងត្រីបាឡែន Sei កាលពីឆ្នាំមុន។ ការនេសាទត្រីបាឡែននៅក្នុងប្រទេសជប៉ុន បានឈានដល់កម្រិតកំពូលនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។
ប្រទេសជប៉ុនបានទាក់ទាញការរិះគន់ពីក្រុមបរិស្ថាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រត្រីបាឡែនក្នុងឆ្នាំ១៩៨៧ ដោយធ្វើតាមបទប្បញ្ញត្តិរបស់ IWC ដែលហាមឃាត់ការបរបាញ់ត្រីបាឡែនពាណិជ្ជកម្ម។
អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលសម្តែងការខកចិត្ត នៅពេលដែលជប៉ុនបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពី IWC នៅក្នុងឆ្នាំ២០១៨៕ ប្រភព៖ The Star