អភិបាលខេត្តកំពង់ធំជំរុញឱ្យម្ចាស់ក្រុមហ៊ុន និងកម្មកររក្សាភាពសុខសាន្តជាមួយគ្នា
កំពង់ធំ ៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំជំរុញឱ្យម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូ និងកម្មករ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីភាពសុខសាន្តជាមួយគ្នា ។ឯកឧត្តមរំលឹកបានបែបនេះ នៅក្នុងពេលអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី កំពុងបំពេញការងារចម្ការកៅស៊ូនៅក្រុមហ៊ុនចំនួនបួនគឺ ក្រុមហ៊ុនតាន់បៀន, ក្រុមហ៊ុន ភឿកហ្វា ,ក្រុមហ៊ុនបារៀរ៍និងក្រុមហ៊ុនហ្គោលហ្វ័លសុន ក្នុងឱកាសអនុស្សាវរីយ៍លើកទីលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាច្រើនរយនាក់ កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ឯកឧត្តមបានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលរំលេចពីការយកចិត្តទុកដាក់ឱ្យរៀបចំផ្តល់ជូននូវរបបសន្តិសុខសង្គម។សហគ្រាស គ្រឹះស្ថាន ដែលមាននិយោជិកចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនិយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ឈ្នួលពីនិយោជិកនោះឡើយ។
ឯកឧត្តមបានជំរុញទៅដល់កម្មករ កម្មការិនីទាំងអស់ត្រូវបន្តសិក្សារៀនសូត្រទៅលើផ្នែកជំនាញឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលរកការងារធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់។ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ។គោរពច្បាប់ចរាចរណ៍ ។ពិសេសត្រូវចាយវាយថវិកា របស់ខ្លួនឱ្យចំគោលដៅ ។មិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសងដែលនាំឱ្យខុសនឹងច្បាប់។
លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្លាំងពលកម្មចំនួន ៤២១ សហគ្រាស និងមានកម្មករ និយោជិកចំនួន១៧.៨៦៦នាក់( ស្រី៦.៨៣៨ នាក់)។ក្នុងនោះ វិស័យចម្ការកៅស៊ូធំៗចំនួន១៧សហគ្រាស មានកម្មករ និយោជិត១១.១៥៥នាក់ (ស្រី៤.៣១៤ នាក់)។ ក្នុងចំនួន១៧សហគ្រាស មាន ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មានប្រាំបួន សហគ្រាសមានកម្មករនិយោជិតសរុប ៩.៧២៥នាក់ (ស្រី៣.៧១៨ នាក់)៕
ដោយ៖ប៊ុន រដ្ឋា