BYD ពិចារណាបើករោងចក្រដំឡើងឡានទី២ នៅអឺរ៉ុប នាឆ្នាំ២០២៥

ឡុងដ៍៖ នាយកប្រតិបត្តិប្រចាំតំបន់អឺរ៉ុបរបស់ BYD បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតឡានអគ្គិសនីកំពូលរបស់ចិនមួយនេះ នឹងពិចារណាសាងសង់រោងចក្រដំឡើងរថយន្តទីពីរនៅអឺរ៉ុបនាឆ្នាំ២០២៥។

ថ្លែងនៅក្នុងសន្និសីទ Future of the Car នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាយកប្រតិបត្តិប្រចាំអឺរ៉ុបរបស់ក្រុមហ៊ុន BYD លោក Michael Shu បាននិយាយថា BYD ចង់ក្លាយជាក្រុមហ៊ុនផលិតឡានអគ្គិសនីឈានមុខគេនៅអឺរ៉ុបនៅឆ្នាំ២០៣០ខាងមុខនេះ។ លោក Shu បានបញ្ជាក់យ៉ាងដូច្នេះថា យើងមានទំនុកចិត្តថា យើងអាចស្ថិតក្នុងតំណែងឈានមុខគេនៅអឺរ៉ុបនៅឆ្នាំ២០៣០។

លោក Shu បានអះអាងបែបនេះ នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបជាលើកដំបូងរបស់គាត់ក្នុងរយៈពេល៥ឆ្នាំ។
ប្រទេសហុងគ្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស្តាំនិយម លោក វ៉ីកទ័រ អរបាន បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់ប្រទេសចិន ផ្ទុយពីប្រទេសមួយចំនួនផ្សេងទៀតរបស់សហភាពអឺរ៉ុប។

ទំនាក់ទំនងនយោបាយដ៏កក់ក្តៅបានប្រែក្លាយទៅជាការវិនិយោគ នៅពេលដែលក្រុមហ៊ុនផលិតអាគុយ និងរថយន្តអគ្គិសនីរបស់ចិន បានចាប់ផ្តើមបង្កើតផលិតកម្មនៅក្នុងប្រទេសហុងគ្រី។ ក្រុមហ៊ុនផលិតអាគុយចិន EV CATL គឺជាអ្នកវិនិយោគដ៏ធំបំផុត ដែលមានរោងចក្រផលិតអាគុយមានតម្លៃជាង ៧ពាន់លានដុល្លារនៅទីក្រុង Debrecen ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD បាននិយាយកាលពីខែធ្នូ ឆ្នាំមុនថា ខ្លួននឹងសាងសង់រោងចក្រផលិតឡានអគ្គិសនី (EV) នៅក្នុងប្រទេសហុងគ្រី ខណៈការប្រកាសនេះ នាំឱ្យ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំដំបូងគេ ដែលមានមូលដ្ឋានផលិតកម្មនៅអឺរ៉ុប៕ ប្រភព៖ businesstimes ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner