មេដឹកនាំកូរ៉េខាងត្បូងសុំទោស រឿងស្រ្តីទីមួយ ទទួលអំណោចកាបូប Dior

ប្រធានាធិបតីនៃប្រទេសកូរ៉េខាត្បូង លោក Yoon Suk Yeol បានថ្លែងសុំទោស ចំពោះរឿងអាស្រូវដែលស្ត្រីទីមួយជាភរិយារបស់លោកគឺ លោកស្រី Kim Keon Hee ទទួលយកអំណោយ ជាកាបូបឌី អ (Dior) ដែលជាម៉ាល្បី និងមានតម្លៃថ្លៃ ប៉ុន្តែ លោកបានច្រានចោល ការអំពាវនាវរបស់ក្រុមប្រឆាំង ដែលចង់ឲ្យបន្តការស៊ើបអង្កេតពិសេស លើរឿងនេះ។

អំឡុងសន្និសិទសារព័ត៌មាន រំលឹកខួប២ឆ្នាំនៃការកាន់តំណែងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Yoon បាននិយាយថា លោកសុំទោសដល់ប្រជាជនកូរ៉េខាងត្បូង សម្រាប់ការបង្កការព្រួយបារម្ភ ដោយសារតែទង្វើមិនសមរម្យរបស់ស្ត្រីទី១។

នៅក្នុងវីដេអូ បែកធ្លាយលើ YouTube បានបង្ហាញថាលោកស្រី Kim ទទួលកាបូបប្រណីតរបស់ក្រុមហ៊ុននៅបារាំងមួយនេះ ពីសំណាក់គ្រូម្នាក់ ដែលជាអ្នកដឹកនាំក្រុមជំនុំគ្រិស្តបរិស័ទ និងជាអ្នកតែងផ្តល់ដំបូន្មានដល់អ្នករស់នៅក្នុងសហគមន៍។

នៅពេលនោះ ការិយាល័យប្រធានាធិបតី បានថ្លែងបន្ធូរបន្ថយស្ថានការណ៍ ដោយចាត់ទុកថា នេះជាសកម្មភាពធម្មតា ឬ មានមានអ្វីមិនសមរម្យអ្វីនោះទេ ហើយបានអះអាងថា កាបូបនេះត្រូវបានរក្សាទុក ជាទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល មិនមែនជាអំណោយផ្ទាល់ខ្លួន ដល់ស្ត្រីទីមួយ នោះទេ។

គណបក្សប្រជាធិបតេយ្យកូរ៉េ ឬ Democratic Party of Korea ដែលជាបក្សប្រឆាំងមានឥទ្ធិពល បានអំពាវនាវឱ្យ មានក្រុមស៊ើបអង្កេតពិសេស ករណីស្ត្រីទីមួយនេះ។ ប៉ុន្តែ លោកប្រធានាធិបតី Yoon បាននិយាយថា មិនចាំបាច់បង្កើតទេ ព្រោះស្ថាប័នរដ្ឋអាជ្ញាកំពុងធ្វើរឿងនេះហើយ ដោយលោកជឿជាក់ថា រដ្ឋអាជ្ញានឹងមានដំណោះស្រាយ ដោយយុត្តិធម៌ និងតឹងរ៉ឹង។

ករណីនេះបានកើនឡើង ស្របពេលដែលបក្សកាន់អំណាច របស់លោក Yoon Suk Yeol ទើបបានបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសភា ថ្មីៗនេះ៕

ប្រភពពី The korea herald ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner