ចាប់ជនជាតិវៀតណាមលួចហ្វេសបុករាប់ម៉ឺន Page ចំណេញជិត៤លានដុល្លារ

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ប៉ូលីសទើបបានចាប់ខ្លួនមនុស្ស ចំនួន២២នាក់ ពីបទលួចចូលគ្រប់គ្រងគណនី Facebook រាប់ម៉ឺន ទាំងក្នុងស្រុក និងក្រៅស្រុក ដោយទទួលបានប្រាក់ចំណេញ ជិត៤លានដុល្លារអាមេរិក។

បើយោងតាម VNExpress ចេញផ្សាយ កាលពីថ្ងៃពុធថា ក្រុមនេះត្រូវបានចោទប្រកាន់ពីបទបង្កើតកម្មវិធី មេរោគ Malware ដើម្បីប្លន់គណនី អាជីវកម្មធំៗ ជាង ២៥០០០គណនី។ ប៉ូលីសសន្តិសុខតាមអ៊ីនធឺណិតបានចាប់ខ្លួនពួកគេ ក្នុងអំឡុងពេលការវាយឆ្មក់ជាច្រើនកន្លែង នៅទូទាំងទីក្រុងហាណូយ, ទីក្រុងហូជីមិញ និងខេត្ត Nam Dinh ភាគខាងជើង កាលពីខែមេសា។

ក្រុមនេះត្រូវបានគេជឿបានទិញប្រភពមេរោគតម្លៃ ១២០០ដុល្លារ ដើម្បីលួចព័ត៌មានគណនីរបស់អ្នកប្រើប្រាស់។ បន្ទាប់ពីលួចបាន ពួកគេបានបង្ហោះអត្ថបទក្លែងក្លាយ និងរូបភាពស្អាតៗ ដោយប្រើ AI ឬ ChatGPT ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទាញយក និងដំឡើងមេរោគ នៅលើកុំព្យូទ័រ ឬ ទូរស័ព្ទរបស់ពួកគេ។ ទិន្នន័យដែលលួចត្រូវបានប្រមូល ក៏បន្តចែកចាយទៅក្រុមរបស់ខ្លួន នៅលើ Telegram ដើម្បីអនុញ្ញាតឱ្យសមាជិកក្រុមគេ លួចចូលគណនី អ្នកប្រើប្រាស់។ គណនីផ្សេងៗទៀត ដែលផ្សាយពាណិជ្ជកម្ម លក់សម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀត នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ក៏ត្រូវបានក្រុមនេះ លួចចូលគ្រប់គ្រងដែរ។

ជនជាប់ចោទទាំង២០នាក់ ត្រូវបានគេរាយការណ៍ថា បានចំណេញប្រាក់ ៣លាន៨សែនដុល្លារអាមេរិក ពីសកម្មភាពទាំងនេះ។ គិតត្រឹមខែមេសា វៀតណាម គឺជាប្រទេសដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ លំដាប់ទី៧ លើពិភពលោក ដែលមានសរុប ជាង៧៥លាននាក់ នេះបើយោងតាមវេទិកាអនឡាញអាល្លឺម៉ង់ Statista៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner