ស្លាប់កុមារ ១៤០០០នាក់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់

ហ្គាហ្សា៖ មន្ត្រីអង្គការសហប្រហប្រជាជាតិ ហៅកាត់ UN បាននិយាយ កាលពីថ្ងៃសុក្រថា កុមារជាង ១៤០០០នាក់ ត្រូវបានសម្លាប់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងពួកប៉ាឡេស្ទីន ហាម៉ាស់ នៅទឹកដីហ្គាហ្សា រយៈពេលជាង ៧ខែ មកនេះ។

អំឡុងសន្និសីទសារព័ត៌មាន លោក Hamish Young អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់ UNICEF បានប្រាប់ទៀតថា ក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ មនុស្សជាង ១០ម៉ឺននាក់ បានភៀសខ្លួនចេញពីទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្គាហ្សា ព្រោះស្ថិតក្រោមការគំរាមកំហែង នៃការលុកលុយរបស់អ៊ីស្រាអែល។ លោកក៏បានទទូចថា Rafah មិនត្រូវឈ្លានពាន ជាដាច់ខាត ហើយបានអំពាវនាវឱ្យមានលំហូរភ្លាមៗ នៃប្រេងឥន្ធនៈ និងជំនួយ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅតំបន់ Gaza បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន នាពេលនោះថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ បានឈានដល់ កម្រិតនៃភាពអាសន្ន ច្រើនជាងពេលណា ទាំងអស់ នាពេលបច្ចុប្បន្ននេះ។

ដោយប្តេជ្ញាបំផ្លាញក្រុមហាម៉ាស់ អ៊ីស្រាអែលបានធ្វើការវាយលុកសងសឹក ដែលបានសម្លាប់មនុស្សប្រមាណ ៣៥០០០នាក់ហើយ នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើន គឺជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner