មន្ទីរសុខាភិបាលខេត្តរតនគិរីបញ្ជ្រាបការទប់ស្កាត់ជំងឺគ្រុនឈាមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

រតនគិរីៈលោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់នៅក្នុងខេត្តរតនគិរី ឲ្យជួយផ្សព្វផ្សាយអំពីបញ្ហាជំងឺគ្រុនឈាមបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលរដូវវស្សាឈានជិតចូលមកដល់។ សំណូមពរនេះបានធ្វើឡើងនៅក្នុងឱកាសនៃបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតតាមផ្ទះនៅក្នុងក្រុងបានលុង។

ដើម្បីការពារសុខុមាលភាពនិងកាត់បន្ថយមិនឳ្យជំងឺគ្រុនឈាមនិងគ្រុនឈិក កើតឡើងនៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយតាមរយៈចាក់ផ្សាយសារអប់រំ ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋតាមមូលដ្ឋានខេត្តតាំងពីដើមខែកុម្ភៈឆ្នាំ ២០២៤មកម៉្លេះ។ ទន្ទឹមនេះមន្ទីរសុខាភិបាលក៏បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតតាមផ្ទះចាប់ពីថ្ងៃទី ៧ ខែឧសភារហូតដល់ថ្ងៃទី១៦ ខែឧសភា។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានរំលឹកថា ប្រភពចម្លងជំងឺគ្រុនឈាមនិងគ្រុនឈីក គឺកើតឡើងពីមូសខ្លា ហើយប្រភពនៃការបង្កើតពងមូសខ្លា គឺបានកើតនៅ ក្នុងពាងទឹក ឬ សំបកកំប៉ុង ដែលដក់ទឹកដែលជាកន្លែងពងរបស់មូស។ លោកបន្តថា ដើម្បីកម្ចាត់កុំឱ្យមានមូសខ្លាយើងទាំងអស់គ្នាត្រូវចូលរួមលុបបំបាត់វត្ថុដែលអាចដក់ទឹកបាន។សំខាន់ជាងនេះដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗសូមអនុវត្តការរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕

ដោយ គតិ យុត្ត

ads banner