ពលរដ្ឋជាងពីរពាន់គ្រួសារនៃខេត្តកំពតទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត

កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីថ្ងៃទី១០ ខែឧសភា បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធដីធ្លីដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធជាងពីរពាន់គ្រួសារមកពីស្រុកចំនួនបី ។ក្នុងនេះមានស្រុកដងទង់ ស្រុកជុំគិរីនិងស្រុកឈូក។

ក្នុងពិធីដែលប្រារព្ធនៅក្នុងបរិវេណសាលាស្រុកឈូក ឯកឧត្តម ម៉ៅ ធនិន បាន លើកឡើងថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរជំនាញ និងអាជ្ញាធមូលដ្ឋាន ខេត្តកំពតសម្រេចបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានប្រមាណជាង ៨ ០០០ ក្បាលដី ។នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាលចំពោះប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបន្តថា យើងអាចមានពេលវេលាចូលរួមសំណេះសំណាលគ្នា ព្រមទាំងទទួលបាននូវបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់របស់រដ្ឋាភិបាលនាពេល នេះ គឺកើតឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានិងការពារសន្តិភាពឳ្យខាងតែបាន។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះគឺមានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ស្រុកជុំគិរី និងស្រុកឈូក ៕
ដោយៈសិលា សារិន

ads banner